ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានសហការជាមួយក្រុមហ៊ុនយ៉ាគូម៉ូអេហ្វប៊ីខូអិលធីឌី រៀបចំចែកជីសរីរាង្គជប៉ុនជូនប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ស្ថិតក្រោមវត្តមានលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រុមហ៊ុនយ៉ាគូម៉ូអេហ្វ ប៊ីខូអិលធីឌី ក្រុមការងារ ព្រមទាំងប្រជាពលរដ្ឋផងដែរ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តចតេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្តារឃឿនសេដ្ឋកិច្ចជាតិឱ្យបានរីកចំរើនផងដែរ។ លោកបានមានប្រសាសន៍បន្តថា៖ ការឧបត្ថម្ភចែកជីសរីរាង្គជប៉ុន ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ និងកូវីដ-១៩ នាពេលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ដល់កសិករក្នុង ការបង្កបង្កើនផលរដូវកាលថ្មីឱ្យបានទាន់ពេលវេលា។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍ បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាកសិករខិតខំបង្កបង្កើនផល បង្កើនបរិមាណដាំដុះដំណាំ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីឲ្យផលដំណាំដាំដុះមានគុណភាព អាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារកសិកម្ម និងជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន ជាពិសេសប្រសិនបើមានបញ្ហា បចេ្ចកទេសកសិកម្ម សូមបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងមកមន្ទីរជំនាញដើម្បីងាយស្រួលដោះស្រាយឲ្យបានគ្រប់ជ្រុងជ្រុយផងដែរ។
សូមបញ្ជាក់ថា៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានធ្វើការបូកសរុបរបាយការណ៍ស្តីពីការងារស្តារឡើងវិញ ក្រោយពីគ្រោះធម្មជាតិដោយទឹកជំនន់ក្នុងនោះផ្ទៃដីប៉ះពាល់សរុបចំនួន ៧៩១២ ហិកតា ផ្ទៃដីខូចខាតសរុប ចំនួន ៣៥៥៤ ហិកតា ផ្ទៃដីអាចស្តារឡើងវិញសរុបចំនួន ១៤៣០ ហិកតា គ្រួសារប៉ះពាល់សរុបចំនួន ១៩២៦ គ្រួសារ គ្រួសារខូចខាតសរុបចំនួន ៧៦៦ គ្រួសារ ចំនួនឃុំត្រូវស្តាឡើងវិញ ៨ ឃុំ និងគិតជាភូមិមានចំនួន ៧៦ ភូមិ៕