ព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលារៀន អ៊ី ហួ បានរៀបចំពិធីចែកប័ណ្ណសសើរដល់សិស្សពូកែចំនួន ១១៨នាក់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន លោក សេង វន្ថា អភិបាលរងក្រុងប៉ៃលិន ។
លោកគ្រូ អ៊ួង ផល នាយកសាលារៀន អ៊ី ហួ បានថ្លែងថា៖ មុនពេលចាប់ផ្ដើមបើកដំណើរការសាលាបានរឹងមាំ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ សាលារៀនអ៊ីហួ បានឆ្លងកាត់ការលំបាកច្រើនណាស់រួមមានជាអាថ៌ដូចជា៖ ខ្វះគណៈគ្រប់គ្រង ខ្វះគ្រូភាសាចិន ខ្វះបន្ទប់សិក្សា និងកត្តាផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានោះសាលាបានប្រឈម និងដោះស្រាយជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាលើកស្ទួយវិស័យអប់រំដល់ប្អូនៗកុមារនៅខេត្តប៉ៃលិនបានរីកចម្រើនបន្ថែមទៀត រហូតដល់បច្ចុប្បន្នមានសិស្សានុសិស្សមកសិក្សាជាច្រើននាក់នឹងមានការរីកចម្រើនជាបន្តបន្ទាប់។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានថ្លែងកោតសសើរដល់សាលារៀន អ៊ី ហួ ដែលជាសាលាមួយពោរពេញដោយប្អូនៗសិស្សានុសិស្សពូកែទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលអាចចាត់ទុកធនធានដ៏មានតម្លៃសម្រាប់ខេត្តប៉ៃលិននាពេលអនាគតផងដែរ ។ ដែលទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំសម្រាប់ប្អូនៗដែលជាទំពាំងស្នងឬស្សី មានអនាគតឆ្ពោះទៅកាន់គោលដៅជោគជ័យនៃជីវិតដ៏វែងឆ្ងាយល្អប្រសើរ។ ហើយក្នុងនាមមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាគមន៍សហការជានិច្ចរាល់ការអភិវឌ្ឍន៍ថ្មីៗលើវិស័យអប់រំតាមសាលាឯកជនទូទាំងខេត្តប៉ៃលិនទៀតផង។ លោក តង់ ធារ៉ា បានគូសបញ្ជាក់ថា៖ ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន គឺតែងគិតគូរខ្ពស់ពីវិស័យអប់រំនៅខេត្តប៉ៃលិន ដោយបានជម្រុញលើកចិត្តសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ការឧបត្ថម្ភអាហាររូបករណ៍ និងរង្វាន់លើកទឹកចិត្តផ្សេងៗជាច្រើនផងដែរ។
ហើយបច្ចុប្បន្នសង្កេតឃើញថាសាលាឯកជននៅខេត្តប៉ៃលិនមានតួនាទីសំខាន់ផងដែរ ក្នុងការអប់រំប្អូនៗសិស្សានុសិស្សសម្រាប់ក្រេបយកចំណេះដឹងសម្រាប់ជាទុនជីវិត និងការអភិវឌ្ឍន៏សង្គមយើងអោយបានកាន់តែរីកចម្រើនបន្តទៀត។ ហើយលោកបានផ្តាំផ្ញើរអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអប់រំកូនអោយសិក្សារៀនសូត្រនៅផ្ទះបន្ថែមទៀត ហើយការទទួលចំណាត់ថ្នាក់ទទួលបានប័ណ្ណសសើរសម្រាប់ប្អូនសិស្សានុសិស្ស នាឱកាសនេះគឺជាមោទនភាពមួយសម្រាប់អាណាព្យាបាលគ្រប់គ្នាផងដែរ។
គួរបញ្ជាក់ផងដែរ៖ សាលារៀន អ៊ី ហួ បានធ្វើការចែកប័ណ្ណសសើរដល់សិស្សពូកែសម្រាប់ឆ្នាំសិក្សា ២០២១ – ២០២២ នេះ មានចំនួន ១១៨នាក់ ក្នុងនោះមានសិស្សស្រី ៧៣នាក់ ៕