រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ នៃទីស្តីការក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្រគល់ប្រាក់រង្វាន់ប្រមាណជាង ៤០០០លានរៀល ដល់ម្ចាស់ជ័យលាភីមេដាយ និងក្រុមប្រតិភូគ្រូបង្វឹកកីឡាកម្ពុជា ដែលបាននាំកិត្តិយសជូនជាតិនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
ក្នុងព្រឹត្តិកាណ៍ស៊ីហ្គេមកាលពីខែឧសភាកន្លងទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជូនប្រតិភូកីឡាកម្ពុជាចំនួន៥៥០នាក់ លើប្រភេទកីឡាចំនួន៣៣ មាន២៩៥វិញ្ញាសា។ ជាលទ្ធផលកម្ពុជា ទទួលបានមេដាយសរុបចំនួន ៦៣គ្រឿង ក្នុងនោះមេដាយមាស ៩គ្រឿង, ប្រាក់ ១៣គ្រឿង និង សំរឹទ្ធិ ៤១គ្រឿង និងស្ថិតក្នុងចំណាត់ថ្នាក់ទី៨។ ប្រាក់រង្វាន់ ជ័យលាភីដែលត្រូវផ្ដល់ជូនគ្រូបង្វឹក, គ្រូជំនួយ, កីឡាករ កីឡាការិនី សរុប ១៣៥នាក់ ក្នុងនោះ គ្រូបង្វឹក គ្រូជំនួយ ៤២នាក់, និងកីឡាករ កីឡាការិនី ៩៣នាក់ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជូនតាមគោលការណ៍នេះរួមមាន៖ មេដាយមាស១គ្រឿង ទទួលបានប្រាក់រង្វាន់ ៤០លានរៀល មេដាយប្រាក់១គ្រឿងទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ១គ្រឿង ទទួលបាន១៦លានរៀល។ ចំពោះគ្រូបង្វឹកទទួលបានប្រាក់រង្វាន់ ១០០%ស្មើនឹងកម្រិតមេដាយខ្ពស់ជាងគេ។ រីឯគ្រូជំនួយនឹងទទួលបាន ៧០%នៃមេដាយដែលអត្តពលិករបស់ខ្លួនដណ្តើមបាន។ ចំនួនគ្រូបង្វឹក និងអត្តពលិកជ័យលាភីដែលនឹងទទួលបានប្រាក់រង្វាន់នេះ សរុប ១៣៥នាក់ ក្នុងនោះគ្រូបង្វឹក៤២នាក់ និងអត្តពលិក ៩៣នាក់។
គួរឲ្យដឹងដែរថា ប្រភេទកីឡាដែលត្រូវរកបានមេដាយជូនជាតិក្នុងព្រឹត្យតិការណ៍ស៊ីហ្គេមនៅវៀតណាម ដែលទទួលបានប្រាក់រង្វាន់ជ័យលាភី រួមមាន ៖ ១-កីឡាឃឺកបុកស៊ីង, ២-ប៉េតង់, ៣-តេក្វាន់ដូ WT, ៤-វ៉ូវីណាម, ៥-ចំបាប់, ៦-ទូករ៉ូអ៊ីង, ៧-ជីជីតស៊ូ, ៨-វូស៊ូ, ៩-យូដូ, ១០-ប្រដាល់សកល, ១១-កាយសម្ព័ន្ធ, ១២-ការ៉ាតេ, ១៣-បាល់ទះក្នុងសាល, ១៤-គុនខ្មែរ និង១៥-ហែលទឹក។
សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់នាប៉ុន្មានជាង៥ខែទៀតប៉ុណ្ណោះ ពោលគឺ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕