កាតា ៖ បេសកម្មរយៈពេល២៩ថ្ងៃ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ពោលគឺចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ បានបញ្ចប់ជាស្ថាពរ និងជោគជ័យ ដោយក្នុងនោះ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន គឺជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះលើបារាំង នៅក្នុងការប្រកួតដ៏ស្វិតស្វាញជាទីបំផុត ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។
ជំនួបវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅឯកីឡដ្ឋាន Lusail មានមូលដ្ឋានក្នុងទីក្រុង Lusail ដែលជាទីក្រុងធំទី២ របស់កាតា បានបញ្ចប់ទៅយ៉ាងជោគជ័យ ក្រោមក្រសែរភ្នែកអ្នកទស្សនា ៨៨,៩៦៦នាក់។ ក្រុមមេឃខៀវអាហ្សង់ទីន បានបំបាក់ទឹកចិត្តអ្នកគាំទ្រ ក្រុមមាន់គកបារាំង ដោយបើកការនាំមុខមុន២គ្រាប់ នៅក្នុងវគ្គទី១ រកបានដោយប្រធានក្រុម Lionel Messi ដោយបាល់ប៉េណាល់ទី នៅនាទី២៣ និងនៅនាទី៣៦ ដោយខ្សែបម្រើស្លាប Ángel Di María។
ឈានចូលដល់វគ្គទី២ រឿងដ៏ភ្ញាក់ផ្អើលបានកើតឡើង ក្រោយខ្សែប្រយុទ្ធបារាំង Kylian Mbappé ចាយពេលត្រឹម២នាទីប៉ុណ្ណោះ ដើម្បីតាមស្មើមកវិញ ដោយគ្រាប់ទី១ នៅនាទី៨០ ដោយបាល់ប៉េណាល់ទី និងគ្រាប់ទី២ នៅនាទី៨១ ដែលធ្វើឱ្យការប្រកួតត្រូវបន្ថែម ១៥នាទី ២ដង។
ការប្រកួតនៅម៉ោងបន្ថែម ១៥នាទី ២ដង ក៏មានការស៊ុតបញ្ចូលទីគ្នាផងដែរ ដោយនៅក្នុងនោះ អាហ្សង់ទីន បានបើកការនាំមុខសារជាថ្មី រកបានដោយ Messi ដដែល នៅនាទី១០៨ មុនពេល Mbappé វាយបកតាមស្មើជាថ្មីម្តងទៀត នៅនាទី១១៨ ដោយការទាត់បាល់ប៉េណាល់ទី ដែលធ្វើឱ្យខ្សែប្រយុទ្ធបារាំងវ័យ២៣ឆ្នាំរូបនេះ ធ្វើបាន Hat-tirck នៅក្នុងការប្រកួតនេះ និងបញ្ចប់ទៅក្នុងលទ្ធផល ៣-៣។
អ្វីៗបានចប់សព្វគ្រប់ នៅពេលឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ដោយក្រុមមេឃខៀវអាហ្សង់ទីន ត្រូវបានកំណត់ជាម្ចាស់ជើងឯក World Cup 2022 ក្រោយយកឈ្នះដោយលទ្ធផល ៤-២។
នេះគឺជាការឈ្នះជើងឯក World Cup លើកទី៣ សម្រាប់អាហ្សង់ទីន និងជាលើកដំបូង ក្រោយខកខានអស់រយៈពេល៣៦ឆ្នាំ ហើយក៏ជាលើកដំបូងនៅក្នុងអាជីពរបស់ប្រធានក្រុម Lionel Messi ដែលគ្រប់គ្នា សុទ្ធតែចង់ឃើញកំពូលខ្សែប្រយុទ្ធវ័យ៣៥ឆាំ្នរូបនេះ ឈ្នះជើងឯក World Cup មុនពេលចូលនិវត្តន៍។
ដោយឡែកការបរាជ័យរបស់បារាំង បានធ្វើឱ្យពួកគេខកខានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រ ក្នុងនាមជាប្រទេសទី៣ ឈ្នះជើងឯក World Cup ចំនួន២ព្រឹត្តិការណ៍ជាប់គ្នា (ការពារតំណែងជើងឯក) បន្ទាប់ពីអ៊ីតាលីធ្វើបាននៅឆ្នាំ១៩៣៤ និង១៩៣៨ ហើយប្រេស៊ីល នៅឆ្នាំ១៩៥៨ និង១៩៦២។
ក្រៅពីឈ្នះបានពានរង្វាន់មាស ក្នុងនាមជាម្ចាស់ជើងឯក World Cup 2022 អាហ្សង់ទីន ក៏ទទួលបានប្រាក់រង្វាន់ចំនួន ៤២លានដុល្លារអាមេរិកផងដែរ ខណៈបារាំង ទទួលបាន ៣០លានដុល្លារ ក្នុងនាមជាក្រុមរងជើងឯក។ ក្រុមអណ្តាតភ្លើងក្រូអាត ទទួលបាន ២៧លានដុល្លារ ក្នុងនាមក្រុមចំណាត់ថ្នាក់លេខ៣ និងក្រុមចំណាត់ថ្នាក់លេខ៤ តោកំណាចដែនដីអាត្លាស់ទទួលបាន ២៥លានដុល្លារ។
ខាងក្រោមនេះ គឺជាកីឡាករ ដែលឈ្នះពានរង្វាន់ឯកត្តជន ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា
-ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (Golden Ball)
-ខ្សែប្រយុទ្ធបារាំង Kylian Mbappé ឈ្នះពានស្បែកជើងមាស (Golden Boot) ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍ ៨គ្រាប់
-អ្នកចាំទីអាហ្សង់ទីន Emiliano Martínez ឈ្នះពានស្រោមដៃមាស (Golden Glove)
-ខ្សែបម្រើអាហ្សង់ទីន Enzo Fernández ឈ្នះពានកីឡាករវ័យក្មេងល្អបំផុតប្រចាំព្រឹត្តិការណ៍ (FIFA Young Player Award)
ដោយឡែក ក្រុមតោកំណាចអង់គ្លេសឈ្នះពានរង្វាន់ ក្រុមមានការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ ការគោរព មិត្តភាព ស្មារតីជាក្រុម និងសមភាព (FIFA Fair Play Trophy)