ជំងឺរលាកសាច់បំពង់ក គឺជាការរលាកក្រពេញអាមីដាល (ដុំសាច់មួយគូនៅខាងក្នុងក្រោយបំពង់កផ្នែកខាងលើ)។ មុខងារចម្បងនៃក្រពេញអាមីដាល គឺចាប់ ឬបញ្ឈប់បាក់តេរី ឬវីរុសដែលចូលក្នុងបំពង់ក។
អ្នកដែលមានជំងឺរលាកសាច់បំពង់កនឹងជួបប្រទះនូវអាការៈមិនស្រួលមួយចំនួនដូចជា រមាស់ឈឺក្នុងបំពង់ក, ក្ដៅខ្លួន, ក្លិនមាត់មិនល្អ, ពិបាកទទួលទានអាហារភេសជ្ជៈ និងនិយាយ។ ហើយជួនកាលក៏មានការឈឺចាប់ក្នុងត្រចៀកទាំងសងខាង និងរាងកាយទាំងមូលផងដែរ។ ទោះជាយ៉ាងណា ការទទួលទានអាហារ និងភេសជ្ជៈមួយចំនួនខាងក្រោមនេះនៅពេលកើតជំងឺរលាកសាច់បំពង់ក គឺប្រសើរបំផុត ក៏ព្រោះវាអាចសម្រាលស្ថានភាពនៃជំងឺ ហើយថែមទាំងជួយឲ្យឆាប់ជាសះស្បើយបានផងដែរ។
១. ការ៉េម
កុំបារម្ភ! អ្នកអាចទទួលទានការ៉េមរសជាតិណាមួយក៏បានដែលអ្នកចូលចិត្ត បើទោះជាអ្នកកំពុងកើតជំងឺរលាកសាច់បំពង់កក៏ដោយ។ ភាពត្រជាក់នឹងជួយបន្ថយការឈឺចាប់ ព្រមទាំងការរលាកដែលទាក់ទងជាមួយស្ថានភាពនៃជំងឺ។ គ្រាន់តែប្រាកដថា មិនញ៊ាំច្រើន ហើយទទួលទានទឹកមួយកែវ បន្ទាប់ពីការ៉េម ដើម្បីសម្អាតជាតិស្ករ ឬជាតិផ្អែមដែលជាប់នឹងបំពង់ក។
២. យ៉ាអ៊ួរកក
អាហារត្រជាក់មួយមុខទៀតដែលអ្នកអាចទទួលទាននៅពេលកើតជំងឺរលាកសាច់បំពងក គឺយ៉ាអួរ ឬទឹកដោះគោជូរកក។ យ៉ាអួរជួយផ្ដល់នូវបាក់តេរីល្អៗដល់រាងកាយដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក។
៣. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារ គឺជាភេសជ្ជៈដែលជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ អ្នកអាចបន្ថែមទឹកកកចូល ដើម្បីសម្រួលដល់បំពង់ក ខណៈដែលរាងកាយទទួលបាននូវវីតាមីន C គ្រប់គ្រាន់ ធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរបន្ថែមទឹកឃ្មុំបន្តិចចូលក្នុងទឹកក្រូចឆ្មារ។
៤. តែខ្ញី
មិនចូលចិត្តទទួលទានរបស់ត្រជាក់មែនតែ? អញ្ចឹង ចូរទទួលទានតែខ្ញីក្ដៅៗមួយពែង នៅពេលអ្នកជួបប្រទះនូវអាការៈរំខាននៃជំងឺរលាកសាច់បំពង់ក។ ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងបាក់តេរី ដូច្នេះការទទួលទានតែខ្ញី គឺជួយឲ្យអ្នកឆាប់ជាសះស្បើយ។ កុំភ្លេច បន្ថែមទឹកឃ្មុំចូលបន្តិចផង ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៥. ស៊ុតក្រឡុកចៀន
នៅពេលកើតជំងឺរលាកសាច់បំពង់ក គឺអ្នកនឹងពិបាកក្នុងការទទួលទានអាហាររឹងៗ។ ការទទួលទានស៊ុតក្រឡុកចៀន គឺពិតជាមានប្រយោជន៍ ក៏ព្រោះវាទន់ងាយលេបចូល ហើយមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមផងដែរ៕