ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ខេត្តប៉ៃលិន ប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជម្ងឺអេសដ៍ ០១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ”ធ្វើអោយមានសមភាព” ដែលរៀបចំដោយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរូមពីសំណាក សមាជិក-សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មន្ទីរជំនាញស្ថាប័នជុំវិញខេត្ត គណៈអភិបាលក្រុង ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយកខេត្ត យុវជនកាកបាទក្រហមខេត្ត ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួចមក។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើថា៖ ដើម្បីចូលរួមប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជម្ងឺអេសដ៍ ០១ធ្នូ ឆ្នាំ២០២២ ដែលជាការបង្កើតនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺអេដស៍និងនាំយកមកជាមួយនូវ វិធានការដ៏មានប្រសិទ្ធិភាពមួយចំនួនដើម្បីតស៊ូប្រឆាំងមេរោគអេដស៍ដ៏កាចសាហាវនេះ ជាពិសេសស្របតាមផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺត្រូវលុបបំបាត់ជម្ងឺអេដស៍អោយអស់នៅក្នុងឆ្នាំ២០២៥ ខាងមុខ ។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍ អំពាវនាវដល់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបំផុសគំនិត និងពន្យល់ណែនាំ ដល់ស្រទាប់យុវវ័យ ប្រជាពលរដ្ឋតាមមូលដ្ឋាន អំពីជំងឺអេដស៏ ឱ្យចេះការពារ ទុបស្កាត់ និងត្រូវចេះប្រើស្រោមអនាម័យ ១០០% ដើម្បីជៀសវាងការចម្លងជំងឺអេដស៏ ប្រសិនបើសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា ហើយចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឲ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារកផងដែរ ។
បើតាមរបាយការណ៍លោក សេ្លះ យូរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានអោយដឹងថា៖ ជាក់ស្តែងនៅក្នុងខេត្តប៉ៃលិនយើងនេះបាន ធ្វើតេស្តឈាមរកមេរោគអេដស៍ដោយ ស្មគ្រ័ចិត្តនិងរក្សាការសំងាត់ដោយជួសឈាម ចុងម្រាមដៃបានបង្ហាញថាក្នុង ឆ្នាំ២០២២ គិតត្រឹមត្រីមាសទី៣ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តឈាមចុងម្រាមដៃចំនួន២៥៦៨នាក់ មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ១០ នាក់ គិតជាភាគរយស្មើនិង ០.៤% ។ ក្នុងនោះស្រ្តីមានផ្ទៃពោះបានធ្វើតេស្តឈាម ធៀបនិងស្ត្រីមកពិនិត្យផ្ទៃពោះលើកទី១ បាន ១០០% ក្នុងនោះមានស្ត្រីមានផ្ទៃពោះរកឃើញផ្ទុកមេរោគអេដស៍ ០១នាក់។ ក្នុងចំណោមទារកដែលកើតពីម្ដាយផ្ទុកមេរោគអេដស៍ ចំនួន១២៩នាក់មិនមានផ្ទុកមេរោគអេដស៍ទេនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានសេវាព្យាបាលជំងឺឱកាសនិយមនិងឳសថប្រឆាំងមេរោគអេដស៍ ដែលទទួលអ្នកជំងឺសកម្ម មកដល់ត្រីមាសទី៣ ឆ្នាំ២០២២ ចំនួន ៣៩៨នាក់ ក្នុងនោះមាន កុមារ ១៥នាក់ មានស្ត្រី ចំនួន៥៧% ក្នុងនោះអត្រាស្លាប់ ចំនួន ០.៣៣% និងអត្រាបោះបង់ មាន ចំនួន០.៤៥% គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២៕