ប៉ៃលិន៖ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត រសៀលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំគណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍ ប្រជុំពិភាក្សាការងារ និងត្រៀមរៀបចំប្រារព្ធពិធីទិវាពិភពលោកប្រយុទ្ធនិងជម្ងឺអេដស៍ ០១ធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងអង្គការជាដៃគូសហការនានា ។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នបញ្ហាជម្ងឺអេដស៍នៅតែជាការព្រួយបារម្មណ៍សម្រាប់សង្គមជាតិ និងពិភពលោកទាំងមូល ព្រោះបញ្ហាជម្ងឺអេដស៍នៅតែកើតមានឡើងនៅឡើយ ដូចនេះយើងទាំងអស់គ្នា ត្រូវចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹង និងការពារទាំងអស់គ្នា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយចំពោះការប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជម្ងឺអេដស៍ ០១ ធ្នូ គឺតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ៗឆ្នាំ ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នដោយមានការខិតខំយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍នានា បានធ្វើឲ្យអត្រាឆ្លងមេរោគអេដស៍ មានការថយចុះគួរអោយកត់សម្គាល់ ដែលឈាននឹងសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាពិភពលោក គឺត្រូវលុបបំបាត់ជម្ងឺអេដស៍អោយអស់នៅក្នុងឆ្នាំ២០២៥ ខាងមុខ ។
នៅក្នុងឱកាសនោះផងដែរ លោក ហែម ឬទ្ធី ក៍បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា ហើយចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឲ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារកផងដែរ ៕