រសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព និងបើកវគ្គហ្វឹកហ្វឺននៅនឹងកន្លែងរបស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមានការចូលរួមពី ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមានលោកមេបញ្ជាការ បញ្ជាការរងកងពលតូចថ្មើជើង លេខ៥២ និង លេខ៥៣ ចំណុះយោធភូមិភាគទី៥ ផងដែរ។
លោក ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិនបានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺននេះធ្វើឡើងដើម្បី បំប៉នបណ្ដុះបណ្ដាលដល់នាយទាហាន នាយទាហានរង និងពលទាហាន សំដៅលើកកំពស់កសាងធនធានមនុស្សលើគ្រប់វិស័យ ក្នុងជួរកងយោធពលខេមរភូមិន្ទ បន្តជំរុញដល់យោធិនគ្រប់រូប អោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច និងត្រៀមប្រយុទ្ធ ដើម្បីឆ្លើយតបតាមភារកិច្ចការពារជាតិ ក្នុងតំណាក់កាលបច្ចុប្បន្ន ក៍ដូចជាទៅអនាគត ។ លោកបានបន្តថា វគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព ដែលត្រូវបានបញ្ចប់នេះ មានរយៈពេល៦១ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន៥០នាក់ និងបន្តបើកវគ្គហ្វឹកហ្វឺននៅនឹងកន្លែង ចំនួន១វគ្គថ្មីទៀត មានរយៈពេល៩៦ថ្ងៃ ដែលមានសិក្ខាកាមចូលរួមចំនួន ១០០នាក់ ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការងារហ្វឹកហ្វឺនគឺជាកាតព្វកិច្ចរបស់កងទ័ព។ ប្រទេសមានសុខសន្តិភាព កងទ័ពត្រូវតែពង្រឹងសមត្ថភាព ពង្រឹងកាយសម្បទាឱ្យបានរឹងមាំ ឆន្ទៈមុះមុត តាមរយៈការហាត់ហ្វឹកហ្វឺន លុតដំ អោយមានសមត្ថភាពគ្រប់គ្រាន់ ។ ឯកឧត្តមបានមានប្រសាសន៍ សំដែងការកោតសរសើចំពោះលោកឧត្តមសេនីយ៍ កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលបានដឹកនាំអង្គភាពមានការីកចំរើនកន្លងមក និងបានយកចិត្តទុកដាក់អនុវត្តរាល់ផែនការ និង សំណូមពរចាំបាច់នានា របស់រដ្ឋបាលខេត្ត គ្រប់កាលៈទេសៈ ក្នុងនោះបានចូលរួមទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្ត រួមទាំងបញ្ជួនគ្រូពេទ្យមកសហការជួយចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាមួយមន្ទីរសុខាភិបាលខេត្ត ដែលសកម្មភាពទាំងនេះបង្ហាញពីការចូលរួមអនុវត្តន៍នូវកំណែទំរងស៊ីជំរៅរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៥នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍ថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយដ៏មានសា រៈសំខាន់បំផុត នៅក្នុងការកែទម្រង់កសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ពីព្រោះថា ការហ្វឹកហ្វឺនគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ទាំងការកសាង និងបង្កើនសមត្ថភាព ការថែរក្សាគ្រឿងបំពាក់ និងការធានានិរន្តរភាពការងារ។ ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ យោធភូមិភាគទី៥ សម្រេចបានកិច្ចការងារជាច្រើនដូចជា៖ ទី១- កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង រក្សាបានបូរណៈភាពទឹកដី រក្សាការពារបានសន្តិសុខ សណ្ដាប់ធ្នាប់សង្គមក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ទី២- គ្រប់គ្រងកម្លាំងបានល្អ (គ្មានករណីល្មើសផ្សេងៗកើតឡើង)។ទី៣-បានដំណើរការហ្វឹកហ្វឺន តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ថ្នាក់លើកំណត់ និងមានម្ចាស់ការហ្វឹកហ្វឺននៅហ្នឹងកន្លែងបានជាច្រើនវគ្គទៀត។ទី៤-ធានាការហូបចុក ជំរុំជំរកស្នាក់នៅ សុខមាលភាពកងទ័ពបានល្អ។ទី៥-បានចូលរួមសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច រក្សាការពារ សន្តិសុខ សណ្ដាប់សង្គម និងបានជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ឋភាព។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ភាពជោគជ័យដែលយើងទទួលបាន អាស្រ័យដោយការដឹកនាំឈ្លាសវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ដែលបានបញ្ជប់វគ្គបណ្តុះបណ្តាលនាពេលនេះ -ត្រូវយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការរៀនសូត្រ ទៅបម្រើការងារនៅអង្គភាពឱ្យមានប្រសិទ្ឋភាព។ ត្រូវឧស្សាហ៍រំលឹកមេរៀន ដែលបានរៀនសូត្រកន្លងមក។ ត្រូវរក្សាការសម្ងាត់យោធា និងយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាព។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងនិយាយថាទេ ចំពោះគ្រឿងញៀន។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ឥតងាករេ ការពារ និងគោរព ដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក និងយោធភូមិភាគទី៥។ ត្រូវគោរពអនុវត្តឱ្យបានដាច់ខាត បទបញ្ជា ១០ ចំណុច របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងបន្តចូលរួមអនុវត្តនូវវិធានការ ៣កុំ-ពាការពារ បង្ការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ ៕ ដោយ វួច ពឿន AKP ប៉ៃលិន