កាតា ៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានដឹកដៃក្រុមព័រទុយហ្គាល់ ឡើងទៅតទល់គ្នា នៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា បន្ទាប់ពីសាងប្រវត្តិសាស្ត្រថ្មីមួយ ក្រោយទម្លាក់ក្រុមអេស្ប៉ាញ ត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃទី០៦ ខែធ្នូ កន្លងទៅ។
ក្រុមតោឈ្មោលដែនដីអាត្លាស់ ម៉ារ៉ុក បានបើកទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈការយកឈ្នះលើក្រុមគោជល់ អេស្ប៉ាញ នៅក្នុងការប្រកួតដ៏តានតឹងបំផុត ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Education City បន្ទាប់ពីបញ្ចប់ការប្រកួត ១២០នាទី បានត្រឹមស្មើគ្នា ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទី។
ជាមួយជ័យជម្នះនេះ ម៉ារ៉ុក ក្រោមការដឹកនាំរបស់លោក Walid Regragui បានបើកទំព័រប្រវត្តិសាស្ត្រដ៏ថ្មីសន្លាង ដោយបានឈានដល់វគ្គ៨ក្រុមចុងក្រោយជាលើកដំបូងនៅព្រឹត្តិការណ៍ World Cup ហើយក៏ជាលើកដំបូងសម្រាប់ពួកគេផងដែរ ដែលយកឈ្នះលើក្រុមជើងខ្លាំងអេស្ប៉ាញ ខណៈជួបគ្នា៣លើកកន្លងមក ចាញ់២ និងស្មើ១។
ចំណែក អេស្ប៉ាញ បានបន្តខកចិត្តបន្ថែមទៀត ដោយត្រូវជ្រុះចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup ២ព្រឹត្តិការណ៍ជាប់ៗគ្នា ដោយឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី និងឆ្នាំនេះ នៅកាតាផ្ទាល់។
ក្រឡេកទៅកាន់ការប្រកួត១ទៀត ក្រុមបញ្ចាខែល ព័រទុយហ្គាល់ បានបំបាក់ក្រុមកាកបាទស ស្វីស យ៉ាងចាស់ដៃលទ្ធផល ៦-១ នៅឯកីឡដ្ឋាន Lusail Iconic។ ជ័យជម្នះរបស់ព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក Fernando Santos សម្រេចបានដោយខ្សែប្រយុទ្ធ Gonçalo Ramos ៣គ្រាប់ម្នាក់ឯង ហើយក៏ជាគ្រាប់បាល់ Hat trick លើកដំបូងនៅ World Cup 2022 ផងដែរ។ ស្របពេលដែល៣គ្រាប់ផ្សេងទៀត សម្រេចបានដោយខ្សែការពារ Pepe ខ្សែបម្រើការពារ Raphaël Guerreiro និងខ្សែបម្រើស្លាប Rafael Leão ចំណែក១គ្រាប់របស់ស្វីស ក្រោមការដឹកនាំរបស់លោក Murat Yakin រកបានដោយខ្សែការពារ Manuel Akanji។
រឿងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះ គឺ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានលោក Fernando Santos ដាក់ឱ្យនៅកៅអីបម្រុង ដោយត្រូវប្តូរចូលនៅនាទី៧៣។ ខណៈមកទល់ពេលនេះ អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United វ័យ៣៧ឆ្នាំរូបនេះ ទើបតែរកបាន១គ្រាប់ប៉ុណ្ណោះ នៅការប្រកួត World Cup 2022 ។
ខាងក្រោមនេះ គឺជាក្រុមដែលត្រូវតទល់គ្នា នៅវគ្គ៨ក្រុមចុងក្រោយ ៖
-ថ្ងៃទី០៩ ខែធ្នូ ៖ ក្រូអាត ត្រូវប៉ះ ប្រេស៊ីល វេលាម៉ោង ១០:០០នាទីយប់
-ថ្ងៃទី០៩ ខែធ្នូ ៖ ហូឡង់ ត្រូវប៉ះ អាហ្សង់ទីន វេលាម៉ោង ០២:០០នាទីរំលងអាធ្រាត្រឈានចូលដល់ថ្ងៃទី១០ ខែធ្នូ
-ថ្ងៃទី១០ ខែធ្នូ ៖ ម៉ារ៉ុក ត្រូវប៉ះ ព័រទុយហ្គាល់ វេលាម៉ោង ១០:០០នាទីយប់
-ថ្ងៃទី១០ ខែធ្នូ ៖ អង់គ្លេស ត្រូវប៉ះ បារាំង វេលាម៉ោង ០២:០០នាទីរំលងអាធ្រាត្រឈានចូលដល់ថ្ងៃទី១១ ខែធ្នូ៕