រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរនូវការដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។ សម្ដេចតេជោបានថ្លែងនូវការអបអរបែបនេះនៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុច៣សំខាន់ ដែលទាក់ទងនឹងមោទនភាពរបស់យើង ដំបូងគឺ «ផឹកទឹកឱ្យនឹកប្រភពទឹក»។ យើងគួរតែអរគុណយ៉ាងជ្រាលជ្រៅទៅដល់ដូនតាគ្រប់ជំនាន់ ដែលបានខិតខំបន្សល់ស្នាដៃទុកឱ្យយើង និងក្មេងជំនាន់ក្រោយ ។ ប្រសិនបើដូនតារបស់យើង មិនមានបន្សល់ទុកអ្វីៗឱ្យយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណាយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទៅជារូបី និងអរូបីនោះផងដែរ ។
ចំណុចទី២ យើងគួរតែអរគុណចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំងើបឈរឡើង ប្រមូលដើមទុន ចាប់តាំងពីក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ ។ អ្នកទាំងនោះ បានខិតខំងើបឈរឡើងប្រមូលទុន ពីព្រោះថាអ្វីៗត្រូវបានបំផ្លាញក្នុងជំនាន់ប៉ុលពត គ្មានវិធីណាល្អជាងក្រៅពីការប្រមូលដើមទុនមកវិញគ្រប់ផ្នែកទាំងអស់ ដូចជា សិល្បៈ កីឡា និងផ្នែកដទៃទៀត សុទ្ធតែត្រូវការប្រមូលដើមទុនមកវិញ។ មួយចំនួនក៏បានរស់រានមានជីវិតដល់ពេលនេះ មួយចំនួនទៀតក៏បានទទួលមរណកាលហើយ ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធចំពោះអ្នកដែលបានស្លាប់ទៅ ហើយក៏សូមកោតសរសើរចំពោះកីឡាករ កីឡាការិនី គ្រូបង្វឹក ដែលបានខិតខំព្យាយាមរក្សានូវអត្តសញ្ញាណជាតិមួយនេះ តាមរយៈរុញជាបណ្តើរៗ ហើយរហូតទៅដល់យើងយកក្បាច់គុនល្បុក្កតោដាក់ចូលជាក្បាច់គុននៃកងយោធពលខេមរភូមិន្ទ ដែលជាមោទនភាពដ៏សំខាន់របស់យើង។
សម្តេចតេជោបន្ថែមថា វត្តមានកីឡាល្បុក្កតោនៅអង្គរសង្ក្រាន្ត ជារៀងរាល់ឆ្នាំ កាលពីមុន គឺពិតជាបានបង្ហាញឱ្យយើងជំរុញល្បឿន នៃការដាក់ក្បាច់គុននេះ ចូលទៅឱ្យមានការទទួលស្គាល់ពីអង្គការយូណេស្កូ ។ ជាមួយគ្នានេះ សម្ដេចតេជោបានបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិទូទាំងប្រទេសឱ្យបានជ្រាបថា នៅថ្ងៃចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្តសាជាថ្មីម្តងទៀត ។ សង្ឃឹមថា «កីឡាល្បុក្កតោរបស់យើងនឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំក្នុងអង្គរសង្ក្រាន្តនៅពេលនោះ»។
ចំណុចទី៣ សម្តេចសូមយកឱកាសនេះអរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានខិតខំជំរុញកិច្ចការងារនេះ រហូតបានសម្រេចមុនពេលប្រជុំអាស៊ាន ។ សម្ដេចតេជោបន្តថា សម្ដេចបានទទួលរបាយការណ៍រួចជាស្រេចហើយ អំពីការអនុម័តដោយអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ។ ក៏ប៉ុន្តែយើងមិនអាចបំពាននីតិវិធីបានទេ ដូច្នេះយើងត្រូវរង់ចាំរយៈពេលប្រមាណ៣សប្តាហ៍ ។ ហើយទើបតែ២០ម៉ោងមុននេះទេ ដែលគណៈកម្មការបានគោះជួងទទួលយក នូវក្បាច់គុនល្បុក្កតោរបស់យើងទៅជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ។
សម្តេចតេជោ បញ្ជាក់បន្ថែមថា តាំងពីឆ្នាំ២០០៨ រហូតដល់ពេលនេះ ជាងមួយទសវត្សរ៍កន្លះរួចមកហើយ ដែលយើងបានបញ្ចូលជាបន្តបន្ទាប់ ជាបេតិកភណ្ឌសម្រាប់មនុស្សជាតិ ទាំងរូបី អរូបី ។ ក្នុងឱកាសនោះដែរ សម្ដេចតេជោបានថ្លែងនូវការកោតសរសើរក្រសួងវប្បធម៌ និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបានខិតខំធ្វើកិច្ចការដ៏ល្អសម្រាប់ប្រទេសយើង ហើយសង្ឃឹមថា យើងនឹងបញ្ចូលតទៅទៀត នូវទ្រព្យសម្បត្តិដូនតារបស់យើង ៕