ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយការប្រឡងឆ្នាំនេះ ក៍មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ <<អ្នកចេះគឺជាប់>>។
ការលើកទឹកចិត្តបែបនេះ របស់លោកជំទាវអភិបាលខេត្ត បានធ្វើឡើង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅក្នុងឱកាសដែលលោកជំទាវ និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជាមួយគ្នានោះដែរ លោកជំទាវ បាន ស្រីមុំ បានបង្ហាញហឹបវិញ្ញាសារ ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ទន្ទឹមនឹងនោះ លោកជំទាវអភិបាលខេត្ត បានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល ០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។
សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ក៏មិនខុសពីឆ្នាំមុននោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបន្តផ្ដល់ជូនបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់នៅទូទាំងខេត្ត សម្រាប់កន្លែងស្នាក់នៅ និងផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅតាមទីតាំងដែលបានរៀបចំ ជាមួយគ្ននានោះក៍បានរៀបចំក្រុមគ្រូពេទ្យ និងថ្នាំពេទ្យ សម្រាប់ករណីបញ្ហាសុខភាពណាមួយសម្រាប់ក្មួយ ពិសេសបានចាត់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន សហការគ្នា តាមមើលថែការពារ ២៤លើ២៤ម៉ោង ផងដែរ។
បើតាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់បីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ហើយចំពោះខេត្តប៉ៃលិន មានមណ្ឌលប្រឡង ចំនួន ០២មណ្ឌល គឺទីតាំងស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដោយមានចំនួន ២៤បន្ទប់ មានបេក្ខជនសរុប ៥៧៤នាក់ ក្នុងនោះស្រីមានចំនួន ៣៣១នាក់ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី