រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ បានដំណើរការប្រកួតរយៈពេល១សប្ដាហ៍មកហើយ ដោយប្រភេទកីឡាមួយចំនួនត្រូវបានបញ្ចប់ការប្រកួតជាបន្ដបន្ទាប់ ខណៈប្រភេទកីឡាជាច្រើនទៀត នឹងត្រូវបន្ដរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ទើបបញ្ចប់ រួមជាមួយការរៀបចំពិធីបិទព្រឹត្តិការណ៍ដ៏ធំនេះតែម្ដង ដែលនឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ពិធីបិទនេះដែរ នឹងមានទស្សនីយភាពដ៏អស្ចារ្យជាច្រើន មិនចាញ់ពិធីបើក កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅឡើយ ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីកីឡាជាតិ និងកីឡាជាតិជនពិការ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធាន NOCC ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំចម្រុះថ្ងៃនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សាលារាជធានីភ្នំពេញ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់ និងគណៈកម្មការពាក់ព័ន្ធទាំងអស់ ដើម្បីជួបជុំពិភាក្សា និងរកដំណោះស្រាយនូវចំណុចខ្វះខាតមួយចំនួនក្នុងពិធីបើក ដើម្បីត្រៀមរៀបចំពិធីបិទនាថ្ងៃទី៣០ខែវិច្ឆិកា ចុងសប្ដាហ៍នេះ ឲ្យមានភាពអធិកអធម និងអស្ចារ្យ។
ឯកឧត្តមបន្ដថា ៖«អ្វីដែលសំខាន់ ឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានអង្គប្រជុំ បានលើកឡើងអំពីចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន ដែលចំណុចខ្វះខាតមួយចំនួនក្នុងពិធីបើករបស់យើង យើងបានជជែកផ្ទៃក្នុងជាមួយគ្នាដើម្បីរកដំណោះស្រាយរួម ។ ធ្វើយ៉ាងណាសម្រួលដល់អ្នកចូលរួមទស្សនាជាង៤ម៉ឺននាក់រួមជាមួយថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស VVIP និង VIP ឲ្យទទួលបាននូវសុវត្ថិភាព និងភាពកក់ក្ដៅទាំងអស់គ្នា ចាប់ពីដំណើរមកចូលរួម រហូតអញ្ជើញត្រឡប់ទៅវិញ រាប់ទាំងសេវាសុខាភិបាលជាដើម»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ៖«យើងសង្កេតឃើញនៅពេលពិធីបើក យើងជោគជ័យក្នុងការសម្ដែង ជោគជ័យក្នុងការរៀបចំ និងការងារមួយចំនួនទៀតដែលយើង
បានដឹងទាំងអស់គ្នា ប៉ុន្ដែចំណុចដែលយើងមានការខ្វះខាត ក៏យើងត្រូវតែត្រៀមលក្ខណៈដែរ។ សំខាន់ជាងគេ គឺសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់តែម្ដង ដែលជាគោលការណ៍សំខាន់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ដ្រី សូម្បីការឧបត្ថម្ភទឹកសុទ្ធ និងអ្វីផ្សេងទៀត ក៏ត្រូវគិតគូរ និងយកចិត្តទុកដាក់ផងដែរ»។
ជាចុងក្រោយឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា សម្រាប់ពិធីបិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ នាថ្ងៃពុធសប្ដាហ៍ក្រោយនេះ នឹងមានរៀបចំនូវទស្សនីយភាពជាច្រើន និងមានការចូលរួមពីតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា និងការសម្ដែងមួយចំនួនទៀត ដែលជាការសម្ដែងដើម្បីផ្ដល់នូវក្ដីសង្ឃឹមសម្រាប់យុវជនកម្ពុជានាថ្ងៃអនាគត។ ពិសេសការផ្ដល់នូវភាពត្រចះត្រចង់ នៃការរក្សានូវសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា ឆ្ពោះទៅអនាគតដ៏រុងរឿងមួយ ស្របតាមនិយាមព្រឹត្តិការណ៍អន្ដរជាតិធំៗ ទាំងកីឡាអាស៊ី និងកីឡាអូឡាំពិក គឺត្រូវបញ្ចប់ដោយក្ដីសង្ឃឹម ៕