ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ខេត្តប៉ៃលិន ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងប៉ៃតង” ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ មន្ទីរ-អង្គភាពនានា ស្ថាប័នជុំវិញខេត្ត ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ យុវជនសហភាពសហព័ន្ធកម្ពុជា យុវជនកាកបាទក្រហម សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូប។
លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ទិវានេះប្រារព្ធឡើងក្នុងគោលបំណង លើកកម្ពស់ការអប់រំផ្សព្វផ្សាយនិងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់សិស្សនិស្សិតឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុងភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច ដើម្បីរួមចំណែកធ្វើអោយខេត្តប៉ៃលិន មានអនាម័យបរិស្ថានស្អាត និងភាពទាក់ទាញ។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ជាពិសេសក្រោមការដឹកនាំដ៏ពិនប្រសព្វឆ្នៃប្រឌិនរៀបចំតុបតែងកែលំអរសោភ័ណ្ឌភាពខេត្តឲ្យស្រស់បំព្រងរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ហើយក៍ជាការចូលរួមក្នុងសកម្មភាពប្រឡងប្រណាំងទីក្រុងស្អាត និងចលនាប្រឡងប្រណាំងភូមិ/ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ។
នៅក្នុងឱកាសនោះផងដែរលោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ជំរុញដល់មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធនានា បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់កាន់តែខ្ពស់ ក្នុងការបំផុសការយល់ដឹង និងផ្សព្វផ្សាយអំពីអនាម័យបរិស្ថានមេត្តាជួយចូលរួមចំណែកក្នុងការទុកដាក់ និងញែកសំរាម និងសំណល់រឹងទីប្រជុំជន ឱ្យមានសណ្តាប់ធ្នាប់នៅក្នុង និងជុំវិញបរិវេណអង្គភាពរបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ ភាពស្រស់បំព្រង អនាម័យស្អាត បរិស្ថានស្អាត និងបរិយាកាសបរិសុទ្ធ នៅទីតាំងអាជីវកម្ម ទីកន្លែងកំសាន្ត អាហារដ្ឋាន សណ្ឋាគារ នឹងទាក់ទាញ អតិថិជន និងភ្ញៀវទេសចរណ៍ ឱ្យចូលមកលេងកាន់តែច្រើន ដូច្នេះម្ចាស់អាជីវករទាំងអស់ ត្រូវគិតគូរពីអនាម័យជាបញ្ហាអាទិភាពផងដែរ។
បើតាមរបាយការណ៍លោក សាក់ សាវរិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានអោយដឹងថា៖ ក្នុងនោះរដ្ឋបាលក្រុងប៉ៃលិនក៍ទទួលបានថវិកាអនាម័យ ប្រចាំឆ្នាំពីក្រសួងបរិស្ថានដែរ ហើយបានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន រ៉ាត់ សុទ្ធី ខូអិលធីឌី ដែលកំពុងផ្តល់សេវាប្រមូលសំរាម សំណល់រឹង ក្នុងក្រុងប៉ៃលិន និងដោយឡែកស្រុកសាលាក្រៅ បានចុះកិច្ចសន្យាបណ្តោះអាសន្ន ជាមួយក្រុមហ៊ុន ពៅ ថារឿន ដើម្បីផ្ដល់សេវាប្រមូលសំរាម សំណល់រឹង ក្នុងស្រុកសាលាក្រៅ ហើយបរិមាណសំរាមដែលបង្កើតបានសរុបមានចំនួន ៣៣ តោនក្នុងមួយថ្ងៃ ក្នុងនោះមានបីប្រភេទ៖១.បរិមាណសំរាមដែលអាចកែឆ្នៃបាន ៧តោនក្នុងមួយថ្ងៃ =១២% ២.បរិមាណសំរាមចាក់នៅទីលានមានចំនួន ១៨តោនក្នុងមួយថ្ងៃ =៦៧% ៣.បរិមាណសំរាមចាក់ចោលដោយខុសច្បាប់ ៨តោនក្នុងមួយថ្ងៃ =២១%៕