នៅសាលាបឋមសិក្សាក្រចាប់ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ មានរៀបចំពិធីបិទវិស្សមកាលធំ និងចែករង្វាន់ដល់សិស្សពូកែ ដែលពិធីនេះ ក្រោមអធិបតីភាព លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន និងព្រះគ្រូរតនមុនី អៀ សុផន ព្រះមេគុណខេត្តប៉ៃលិន ដែលមានការចូលរួមពីសំណាក់អាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស និងសប្បុរសជនជាច្រើននាក់ទៀត។
លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍ថា៖ ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍន៍អោយប្រទេសជាតិពោរពេញដោយសន្តិភាពពេញលេញ។ ហើយសន្តិភាពបង្កើតអោយមានការអភិវឌ្ឃន៍ជាពិសេសសាលារៀនគ្រប់ទីកន្លែង សម្រាប់ផ្តល់ចំណេះដឹងដល់ប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីមិនអាចខ្វះបាននោះឡើយ ។ មួយវិញទៀតក្រោមការយកចិត្តទុកដាក់ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់លើ វិស័យអប់រំផងដែរ ដោយជានិច្ចជាកាលលោកជំទាវតែងជម្រុញលើកទឹកចិត្តសម្រាប់សិស្សពូកែអោយសិក្សាអាហាររូបករណ៍នៅថ្នាក់មហាវិទ្យាល័យ និងប្រាក់រង្វាន់ផ្សេងៗ។ ដែលនេះបង្ហាញអោយឃើញពីទឹកចិត្តគិតគូររបស់អភិបាលខេត្តចំពោះប្អូនៗសិស្សានុសិស្សជានិច្ចជាកាល ដូចនេះសូមប្អូនៗត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រហើយត្រូវជៀសឆ្ងាយពីគ្រឿងញៀនដើម្បីអភិវឌ្ឍន៏សង្គមជាតិយើងប្រកបដោយចីរភាព។
ព្រះគ្រូរតនមុនី អៀ សុផន ព្រះមេគុណខេត្តប៉ៃលិន បានមានសង្ឃដីការថា៖ ក្នុងនាមគណះសង្ឃខេត្តប៉ៃលិនពិតមានក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមឧបត្ថម្ភសម្ភារះសិក្សាដល់សិស្សានុសិស្សក្នុងឱកាសនេះ ដែលចង់បង្ហាញអោយឃើញវិស័យសាសនាផ្សារភ្ជាប់នឹងសង្គម ក៏ដូចជាលើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាក្រចាប់ ក្នុងពិធីបិទវិស្សមកាលធំនិងចែករង្វាន់ដល់សិស្សពូកែ។ ជាមួយគ្នានោះពិធីនេះក៏មានរៀបចំពិធីរាប់បាត្រព្រះសង្ឃពីសំណាក់គណះអធិបតីចូលរួម លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើននាក់ ដើម្បីលើកស្តួយវិស័យព្រះពុទ្ធសានាយើងផងដែរ។
លោកគ្រូ មាស ជា នាយកសាលាក្រចាប់ បានថ្លែងថា៖ នាឪកាសនេះដែរយើងខ្ញុំ ជាលោកគ្រូអ្នកគ្រូគណកម្មការគ្រប់គ្រងសាលារៀន សូមថ្លែងអំណរគុណដល់អាណាព្យាបាល មាតាបិតាសិស្សទាំងអស់ ព្រះតេជគុណ ថាច់ ប៊ីនចៅអធិការវត្តគិរីសាលវ័ន្ត ព្រះតេជគុណប៉ន ភក្ត្រាគង់នៅវត្តភ្នំយ៉ាត ព្រមទាំងសប្បុរសជនមកពីក្រុងប៉ៃលិន បានព្រមព្រៀងសហការគ្នា រៀបចំកម្មវិធីនេះឡើងដើម្បីផ្តល់ ប័ណ្ណសរសើរជូនរង្វាន់ដល់សិស្សពូកែចំនួន៣០នាក់ចាប់ពីលេខ១ដល់ លេខ៥ព្រមទាំងផ្តល់សម្ភារសិក្សាដល់សិស្សចំនួន១៥៤នាក់និងកុមារមិនទាន់បានចូលរៀនបន្ថែមទៀត ក្នុងគោលបំណងលើកទឹកចិត្តសិស្សឲ្យយកចិត្តខិតខំរៀនបន្ថែមទៀត។ ហើយម្យ៉ាងវិញទៀតសូមអរគុណគណះសង្ឃខេត្តប៉ៃលិនដែលបានចូលរួមឧបត្ថម្ភសម្ភារះក្នុងកម្មវិធីទាំងមូលផងដែរ។
គួរបញ្ជាក់ផងដែរថាពិធីនេះមានការឧបត្ថម្ភសម្ភារះនិងកាដូអនុស្សាវរីយ៍ជាច្រើនពីសំណាក់គណះសង្ឃខេត្ត និងសប្បរសជនដល់លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស ក្នុងនោះលោកគ្រូអ្នកគ្រូ ០៩នាក់ ក្នុងម្នាក់ៗទទួលបានកាដូអនុស្សាវរីយ៍ម្នាក់មួយកញ្ចប់។ ហើយសិស្សពូកែចំនួន ៣០នាក់ ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ទទួលបានប័ណ្ណសសើរ និងឃីដសម្ភារះសិក្សាម្នាក់មួយ។ហើយសិស្សានុសិស្សចំនួន ១៥៤នាក់ ទទួលបានឃីដសម្ភារះសិក្សាម្នាក់មួយផងដែរ។