នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ងួនលីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ ជំនាញ ដំណាក់កាលទី២ (២០២០-២០២៤) និងកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា សម្រាប់ខេត្តប៉ៃលិន។
លោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ វិស័យទេសចរណ៍ គឺជាកម្លាំងចលករដ៏មានសក្តានុពល ហើយក៏ជាភាគីពាក់ព័ន្ធដ៏សំខាន់មិនអាចខ្វះបានដែលចូលរួមចំណែក យ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងអំឡុងនិងក្រោយវិបត្តិជំងឺកូវិដ-១៩។ ជាមួយគ្នានេះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់គុណភាពបដិសណ្ឋារកិច្ចក្នុងឧស្សាហកម្មទេសចរណ៍ ជាបុព្វហេតុកិច្ចការស្តារ និងអភិវឌ្ឍន៍ ប្រទេសជាតិ សំដៅឲ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយចីរភាពនិងបរិយាបន្ន។
លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខនថាក់ បានថ្លែងថា៖ ជាគោលដៅថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញដែលអង្គការ ស្វីសខន់ថាក់ កំពុងយកចិត្តទុកដាក់សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តប៉ៃលិនក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្ត ដើម្បីទទួលបានឱកាសការងារ និងបង្កើនប្រាក់ចំណូលសមរម្យក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញមន្ទីរទេសចរណ៍ ដើម្បីមានមូលដ្ឋានធនធានគ្រូបង្គោលសម្រាប់និរន្តភាព ការបណ្តុះបណ្តាល បដិសណ្ឋារ កិច្ចក្នុងខេត្តប៉ៃលិនផងដែរ។ លោកបានបន្តទៀតថា អង្គការស្វីសខន់ថាក់ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីគៀងគរប្រភពធនធាននិងបច្ចេកទេស សំដៅគាំទ្រការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នេះឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសការពង្រីកវិសាលភាពទៅកាន់ខេត្តផ្សេងៗទូទាំងប្រទេស។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានមានប្រសាសន៍ថា៖ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ គឺជាយុទ្ធសាស្ត្រមួយរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យបានកាន់ល្អប្រសើរតាមរយៈ ការពង្រឹងសមត្ថភាព វិជ្ជាជីវៈរបស់បុគ្គលិក ដែលសម្រាប់ឆ្នាំ២០២៣ខាងមុខនេះ គម្រោងនឹងផ្តល់ការបណ្តុះបណ្តាលលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខគេហកិច្ចនិងជំនាញឆុងកាហ្វេផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបានស្នើឲ្យម្ចាស់អាជីវកម្មទាំងអស់ក្នុងខេត្តពិនិត្យលទ្ធភាពជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមដល់អ្នកជំនាញទេសចរណ៍ឲ្យបានកាន់តែផុលផុស នូវគ្រប់ទម្រង់នៃការបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្ម ដែលបង្រៀនដោយគ្រូបង្គោល ហូកា និងសូមចាត់បញ្ជូន បុគ្គលិកឲ្យចូលរួមវគ្គបណ្តុះបណ្តាលខាងលើឲ្យបានផុលផុស ខណៈកម្មវិធីបណ្តុះបណ្តាលខាងលើគឺឥតគិតថ្លៃ ដែលអាចឲ្យមានធនធានមនុស្ស ល្អៗបន្ថែមទៀតដើម្បីពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ និងកើនប្រាក់ចំណូល ផងដែរ។
បើតាមរបាយការណ៍លោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានបញ្ជាក់ថា៖ ខេត្តប៉ៃលិនជាក់ស្តែងរយៈពេល១០ខែដើមឆ្នាំ២០២២នេះទទួលបានភ្ញៀវទេសចរសរុប ចំនួន ២៤៧,០៣៩ នាក់ ប្រៀបធៀបទៅនិងរយៈពេល១០ខែក្នុងឆ្នាំ២០២១ ដែលភ្ញៀវទេសចរសរុប ចំនួន ៤២,០១៣នាក់ យើងឃើញថាមានការកើនឡើងចំនួន ៤៨៨% ក្នុងឆ្នាំ២០២២នេះ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងខេត្តប៉ៃលិនមានចំនួន ដូចខាងក្រោម៖១. សណ្ឋាគារ មានចំនួន ១០កន្លែង ស្មើនិង ៧៤១បន្ទប់ ២. ផ្ទះសំណាក់ មានចំនួន ២២កន្លែង ស្មើនិង ៥៨១បន្ទប់ ៣. ភោជនីយដ្ឋាន និងអាហារដ្ឋាន មានចំនួន ៤៣កន្លែង ស្មើនិង២,៣៤៤កៅអី ៤. ខារ៉ាអូខេ មានចំនួន ០៦កន្លែង ស្មើនិង ៤១បន្ទប់
៥. ម៉ាស្សាសុខភាព មានចំនួន ១២កន្លែង ស្មើនិង៥៩គ្រែ៦. កីឡាទេសចរណ៍ មានចំនួន ១៣កន្លែង រួមមាន៖ ស្នុកឃ័រ០៤កន្លែង , តារាងបាល់ទាត់០៣ កន្លែង, ក្លឹបបហាត់ប្រាណ ០២កន្លែង, អាងហែលទឹក ០៤កន្លែង ។ ៧. រមណីយដ្ឋានមានចំនួន ០៦កន្លែង ដែលជាតំបន់មានសក្តានុពល ក្នុងនោះរួមមាន៖-រមណីយដ្ឋានធម្មជាតិ មាន០៣កន្លែង (ទឹកធ្លាក់ភ្នំខៀវ, អូរទុរេន, ស្ទឹងតាអែម ) -រមណីយដ្ឋានកសិទេសចរណ៍ ០១កន្លែង (ចម្ការខ្នុរ ) -រមណីយដ្ឋានអេកូទេសចរណ៍ ០១កន្លែង (ទឹកធ្លាក់ក្បាលដំរី ) -តំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត ០១កន្លែង។