នៅពឹ្រកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខេត្តប៉ៃលិន បើកសិក្ខាសាលាតម្រង់ទិសសមាជិកក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្រោមអធិបតីភាពលោក ហែម ឬទ្ទី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ឡៅ សិទ្ធិរ៉ូ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដែលមានការអញ្ចើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ លោក-លោកស្រី មេឃុំ-ចៅសង្កាត់ ស្ថាប័នជុំវិញខេត្ត និងក្រុមការងារ ព្រមទាំងដៃគូអភិវឌ្ឍន៍នានាជាច្រើននាក់ផងដែរ។
ឯកឧត្តម ឡៅ សិទ្ធិរ៉ូ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍លើកឡើងថា៖ គោលបំណងបើកសិក្ខាសាលានេះគឺបង្កើនការយល់ដឹងនិងចូលរួមអនុវត្តន៍នៃយុទ្ធសាស្ត្រជាតិសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ ឆ្នាំ ២០១៩-២០២៣, នឹងជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៩៣៤ ស.ជ.ណ ចុះថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំ ជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ និងសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ។
លោក ហែម ឬទ្ទី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ចាក់ថា៖ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រនិងគោលការណ៍ពាក់ព័ន្ធនានាដែលទាក់ទងនឹងវិស័យសន្តិសុខស្បៀងអាហារូបត្ថម្ភឱ្យទទួលបានជោគជ័យ រដ្ឋបាលខេត្តបានត្រៀមខ្លួនជាស្រេចរួចហើយដោយបានបង្កើតនូវក្រុមការងារដឹកនាំក្នុងការសម្របសម្រួល ដើម្បីសហការ និងសម្របសម្រួល នៅក្នុងការអនុវត្តគម្រោងនិងរាល់សកម្មភាពនានា ជាមួយនិងក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទជាមួយតួអង្គពាក់ព័ន្ធសំខាន់ៗ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។
ក្នងឪកាសនោះលោកអភិបាលរងខេត្តបានមានប្រសាសន៍៖ ជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ គ្រប់សមាសភាពនៃភាគីពាក់ព័ន្ធ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ត្រូវចូលរួមដោះស្រាយជាមួយគ្នា ដើម្បីរិះរកគ្រប់មធ្យាបាយ និងកំណត់ដាក់ចេញនូវវិធានការចាំបាច់នានាដើម្បីបញ្ចប់ភាពអត់ឃ្លានឲ្យបានប្រសើរឡើង និងដើម្បីជួយលើកកម្ពស់វិស័យអាហាររូបត្ថម្ភប្រកបដោយចីរភាពនៅកម្ពុជា។
សូមបញ្ចាក់ថា៖ Teble ចំនួន ០៤គ្រឿងត្រូវបានប្រគល់ជូនដល់ក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តប៉ៃលិន ទុកសម្រាប់ប្រើប្រាស់បំពេញការងារផងដែរ៕