កាតា ៖ អាហ្សង់ទីន និងបារាំង ត្រូវចេញប្រយុទ្ធប្រកួតដំបូងរៀងខ្លួន សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតា។ ដូច្នេះសារព័ត៌មាន «កោះសន្តិភាព» សូមបង្ហាញជូនរឿងរ៉ាវសំខាន់ៗខ្លះ មុនការប្រកួតឈានចូលមកដល់។
ពូល C ៖ អាហ្សង់ទីន ត្រូវប៉ះ អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២២ ខែវិច្ឆិកា វេលាម៉ោង ០៥:០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ធ្វើឡើងនៅកីឡដ្ឋាន Lusail Iconic។
អាហ្សង់ទីន បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣ពិភពលោក ហើយនេះគឺជាលើកទី១៨ហើយ ដែលពួកគេឈានដល់ការប្រកួតជុំចុងក្រោយ និងបានឈ្នះជើងឯកចំនួន២លើក (១៩៧៨ និង ១៩៨៦)។
ក្រោមការដឹកនាំរបស់លោក Lionel Scaloni ក្រុមរហស្សនាម «មេឃខៀវ» បានបញ្ចប់ការប្រកួតជម្រុះក្នុងតំបន់អាមេរិកខាងត្បូងនៅចំណាត់ថ្នាក់លេខ២ក្នុងតារាង (ប្រេស៊ីលលេខ១) ដោយមិនស្គាល់ចាញ់ក្នុងចំណោមការប្រកួត ១៧ប្រកួត ឈ្នះ១១ និងស្មើ៦ ។ ក្រៅពីខ្សែប្រយុទ្ធ Paulo Dybala រងរបួស អាហ្សង់ទីនពុំមានកីឡាករសំខាន់ណាផ្សេងទៀត ដែលរងរបួសនោះទេ ខណៈប្រធានក្រុម Lionel Messi និង Ángel Di María នៅតែជាកម្លាំងស្នូលដ៏សំខាន់បំផុតរបស់ក្រុម។
អារ៉ាប៊ីសាអូឌីត បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៥១ ហើយនេះជាលើកទី៦ ដែលពួកគេឈានដល់ការប្រកួតជុំចុងក្រោយ។ ខណៈដែលកំណត់ត្រាល្អបំផុតរបស់ពួកគេនៅ World Cup គឺឈានដល់វគ្គ១៦ក្រុមចុងក្រោយម្តងនៅឆ្នាំ ១៩៩៤។
ក្រោមការដឹកនាំរបស់លោក Hervé Renard ក្រុមសមាជិកសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីមួយនេះ បានបញ្ចប់នៅកំពូលតារាងក្នុងការប្រកួតជម្រុះក្នុងតំបន់ជុំទី២ និងបន្តកាន់កាប់កំពូលតារាងវគ្គជម្រុះជុំទី៣ ដោយឈ្នះ៧ ស្មើ២ និងចាញ់១។
ក្រុមទាំង២ធ្លាប់មានប្រវត្តិជួបគ្នា២លើក អាហ្សង់ទីនឈ្នះ១លើក និងស្មើគ្នា១លើក។ ស្ថិតិ៥ប្រកួតចុងក្រោយរបស់ក្រុមទាំង២គឺ អាហ្សង់ទីនឈ្នះទាំងអស់ ចំណែកអារ៉ាប៊ីសាអូឌីតឈ្នះ១ ស្មើ៣ និងចាញ់១។ ទស្សនៈទស្សន៍ទាយភាគច្រើន ៖ អាហ្សង់ទីន ៣-០ អារ៉ាប៊ីសាអូឌីតពូល
D ៖ បារាំង ត្រូវប៉ះ អូស្ត្រាលី នៅវេលាម៉ោង ០២:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ធ្វើឡើងនៅកីឡដ្ឋាន Al Janoub។
ក្នុងការពារតំណែងជើងឯកបារាំង បច្ចុប្បន្នឈរនៅចំណាត់ថា្នក់ទី៤ពិភពលោក ដែលនេះគឺជាលើកទី១៥ ក្នុងការឈានដល់ការប្រកួតជុំចុងក្រោយ និងធ្លាប់ឈ្នះជើងឯកចំនួន២លើក (១៩៩៨ និង ២០១៨)។
ក្រោមការដឹកនាំរបស់លោក Didier Deschamps បញ្ចប់ទៅក្នុងនាមក្រុមកំពូលតារាងវគ្គជម្រុះក្នុងតំបន់ ដោយមិនស្គាល់ចាញ់។ ក្រុមរហស្សនាម «មាន់គក» ត្រូវវត្តមានកីឡាករសំខាន់ៗយ៉ាងច្រើនរួមមាន Paul Pogba, N’Golo Kanté, Presnel Kimpembe និង Christopher Nkunku និង Karim Benzema ដោយប្រើប្រាស់កីឡាករវ័យក្មេងដ៏មានទេពកោសល្យភាគច្រើន។
អូស្ត្រាលី បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣៨ ហើយនេះគឺជាលើកទី៦ ឈានដល់ការប្រកួតជុំចុងក្រោយ។ មុនមកដល់ការប្រកួតជុំចុងក្រោយក្នុងឆ្នាំនេះ ក្រុមរហស្សនាម «កង់ហ្គូរូ» ក្រោមការដឹកនាំរបស់លោក Graham Arnold ឆ្លងកាត់ការប្រកួតច្រើនជាងគេ ចាប់តាំងវគ្គជម្រុះក្នុងតំបន់ជុំទី២, ទី៣, ទី៤ និងឆ្លងតំបន់ ពោលសរុប២០ប្រកួត។
ក្រុមទាំង២ធ្លាប់មានប្រវត្តិជួបគ្នា៤លើក ដោយបារាំងឈ្នះ២ អូស្ត្រាលីឈ្នះ១ និងស្មើ១។ ស្ថិតិ៥ប្រកួតចុងក្រោយ បារាំងឈ្នះ១ ស្មើ២ និងចាញ់២ ចំណែកអូស្ត្រាលីឈ្នះទាំងអស់។ ទស្សនៈទស្សន៍ទាយភាគច្រើន ៖ បារាំង ២-០ អូស្ត្រាលី។
ការប្រកួតផ្សេងទៀតក្នុងថ្ងៃជាមួយគ្នា៖
ពូល D ៖ ដាណឺម៉ាក ប៉ះ ទុយនេស៊ី វេលាម៉ោង ០៨:០០នាទីយប់ នៅកីឡដ្ឋាន Education City ។
ពូល C ៖ ម៉ិកស៊ិក ប៉ះ ប៉ូឡូញ វេលាម៉ោង ២៣:០០នាទីយប់ នៅកីឡដ្ឋាន 974៕