ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សាខាពន្ធដាខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT-Tax-Prefiling-App) បញ្ជីគណនេយ្យសាមញ្ញ និងកាតព្វកិច្ចសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំ ជូនដល់ម្ចាស់អាជីវកម្មតូច-ធំ ស្ថិតក្រោមវត្តមានលោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិន ដែលមានការអញ្ជើញ ចូលរួមពីសំណាក់ លោក-លោកស្រីតំណាង នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នាយកដ្ឋានបច្ចេកវិទ្យាព័ត៍មាន ក្រុមការងារសាខាពន្ធដាខេត្ត ព្រមទាំងម្ចាស់អាជីវកម្មតូច-ធំ ជាច្រើននាក់ផងដែរ។
តំណាងនាយកដ្ឋានគ្រប់គ្រងអ្នក ជាប់ពន្ធតូចនិងមធ្យម នាយកដ្ឋានបច្ចេកវិទ្យាព័ត៍មាន បានធ្វើបទបញ្ហាញ បញ្ជីគណនេយ្យសាមញ្ញ និងកាតព្វកិច្ចសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំ និងការប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT-Tax-Prefiling-App)។
លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ គោលបំណងនៃសិក្ខាសាលានេះដើម្បីផ្សព្វផ្សាយជូនម្ចាស់អាជីវកម្មតូច-ធំ ដែលប្រកបអាជីវកម្មមានកម្រិតផលរបរដែលជាប់ពន្ធជាអ្នកជាប់ពន្ធតូច ដើម្បីជួយសម្រួលក្នុងការគ្រប់គ្រងទិន្នន័យរបស់ប្រតិបត្តិការទិញ-លក់ និងការពន្ធផ្សេងៗ។ ជាពិសេសរាល់ម្ចាស់អាវីកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ស្វែងយល់ឲ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា អោយបានឆាប់រហ័សចំណេញពេលវេលានិងមានភាពជឿទុកចិត្តថែមមួយកម្រិតទៀត។
លោកបានមានប្រសាសន៍លើកឡើងថា ៖ អគ្គនាយកដ្ឋានពន្ធដាក៍ដូចជាសាខាពន្ធដាខេត្តខិតខំយកចិត្តទុកដាក់ពីលទ្ធភាពក្នុងការប្រមូលចំណូលធ្វើយ៉ាងណាអោយបានលើស ផែនការកំណត់ តាមរយៈការអនុវត្តធ្វើជាប្រចាំជារៀងរាល់ខែឆ្នាំ ដើម្បីពង្រឹងនិងបង្កើននៃសេដ្ឋកិច្ចអោយមានការរីកចំរើនឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ហិរញ្ញវត្ថុសម្រាប់កសាងអភិវឌ្ឍន៍ធនធាន ហេដ្ឋរចនាសម្ព័ន្ធ មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក វត្តអារាម និងកសាងសមិទ្ធិផលនានាជាច្រើនទៀតសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយប្រសើឡើង។
ក្នុងឱកាសនោះផងដែរ លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជីវកម្មតូច-ធំ ដែលបានចូលរួមនៅក្នុងអង្គសិក្ខាសាលា ដ៏មានសារសំខាន់នេះ ទាំងនេះគឺជាការសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពប្រតិបត្តិច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ ជាពិសេសគឺដើម្បីស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅថែមទៀត ចំពោះការអនុវត្តកាតព្វកិច្ចរបស់ខ្លួន៕