រាងកាយរបស់យើង ត្រូវបានបង្កើតឡើងដោយកោសិការាប់រយ ប្រភេទផ្សេងៗគ្នា និង មានតួនាទី ខុសៗគ្នា ទៅតាមការណែនាំដែលវាទទួលបានពី លក្ខណៈហ្សែនដែលមានផ្ទុកនៅក្នុង នុយក្លេអ៊ិច ( nuclei) របស់ពួកវា។ ជំងឺមហារីក កើតមាននៅពេលដែលមានបម្រែបម្រួល កើតឡើងចំពោះ លក្ខណៈហ្សែន ដែលវានឹងធ្វើអោយកោសិកា ឆ្លើយតបទៅនឹងការណែនាំខុសប្រក្រតីនេះ ។
បន្ទាប់មក កោសិកាទាំង នោះបានធ្វើការបំបែកខ្លួន ដោយមិនមានការគ្រប់គ្រងបាន ហើយជាមួយនឹងការបំបែកខ្លួន របស់ពួកវា នីមួយៗ ត្រូវបានគួបផ្សំជាមួយនឹងការណែនាំ ដែលមានលក្ខណៈភាន់ច្រលំ។ កោសិកាដែលបាន បំបែកខ្លួនវាបានយ៉ាងលឿនទាំងនេះ បានចាប់ផ្តុំឡើងជាកូនកណ្តុរ ឬ ដុំសាច់។ ពេលខ្លះ ដុំសាច់ទាំង នោះមានលក្ខណៈ ជាដុំសាច់ប្រភេទស្លូត ដែលមានន័យថា វានឹងមិនធ្វើការឈ្លានពានដល់ ជាលិកា និង សិរីរៈដែលនៅជិតខាងវានោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើដុំសាច់នោះ ជាប្រភេទដុំសាច់ កាច ឬ ជាប្រភេទដុំសាច់នៃជំងឺមហារីក នោះវានឹងចាប់ផ្តើមធ្វើការរីករាលដាល នៅត្រង់កន្លែងដែលវា ចាប់កកើតនោះ ហើយវា នឹងផ្តល់នូវផលបំផ្លាញ ដល់ ជាលិកា ដែលនឹងអាចធ្វើអោយពួកវាស្លាប់បាន។
លក្ខណៈតំនពូជ, កាលទេសៈរបស់មជ្ឈដ្ឋានដែលអ្នករស់នៅ និង ជម្រើសនៃទម្លាប់ក្នុងការរស់នៅ ប្រចាំថ្ងៃ គឺសុទ្ធតែជះឥទ្ធិពល ដែលធ្វើអោយមនុស្សរាល់គ្នា អាចប្រឈមនឹងការកើតមាននូវ ជំងឺមហារីក នេះបាន ។
មាន ប្រភេទជំងឺមហារីកខ្លះ បានមានទំនាក់ទំនងទៅនឹង ការចមងរោគរបស់ពពួកវីរុស ដែលធ្លាប់ មានពីមុនមក ក្នុងនោះមានដូចជា៖ ជំងឺមហារីកថ្លើម (វាបណ្តាលមកពី មេរោគនៃជំងឺរលាកថ្លើម ប្រភេទ B និង C) , ជំងឺមហារីកមាត់ស្បូន ( វាកើតឡើង ដោយសារមេរោគប្រភេទ human papillomavirus) , ជំងឺ នៃប្រព័ន្ធបន្តពូជ និង តំបន់នៃទ្វារលាមក, T-cell leukemia និង ដុំសាច់មហារីក ដែលដុះចេញក្រពេញ ទឹករងៃ ដែលបណ្តាលមកពីពពួកមេរោគ Epstein –Barr virus ។ នេះ មិនមែនបានន័យថា អ្នកអាចកើត មានជំងឺមហារីកបាន ដូចជាការកើតមាននូវជំងឺ ផ្តាសាយ ឬ គ្រុនផ្តាសាយនោះទេ។ ប៉ុន្តែវាមានន័យថា ការកើតមាននូវមេរោគពីមុនមក នៅក្នុងខ្លួនរបស់អ្នក គឺអាចបណ្តាលអោយ មានការកែប្រែចំពោះ ហ្សែន នៅក្នុងកោសិកា ដែលកត្តានេះ អាចនឹងហាក់ធ្វើអោយពួកវា ក្លាយទៅជាកោសិកាមហារីកបាន។ ភាគច្រើន នៃជំងឺមហារីកមួយចំនួន គឺតែងតែកើតមានជាទូទៅ តាមអាយុកាលរបស់មនុស្ស ដោយសារ ថាកាលបើយើងកាន់តែរស់នៅបានយូរ នោះកំហុសរបស់លក្ខណៈហ្សែន នឹងហាក់កាន់តែកើតមាន ច្រើន ចំពោះកោសិការបស់យើង ។
ហេតុអ្វីបានជាការធ្វើលំហាត់ប្រាណ អាចជួយអ្នកបាន ?
ការធ្វើសកម្មភាពផ្នែករូបរាងកាយ,ការបរិភោគអាហារអោយមានតុល្យភាព, ការកើនទម្ងន់បានត្រឹមត្រូវ និង ការមិនជក់បារី គឺសុទ្ធតែជាកត្តា ដែលអាចជួយអ្នក ក្នុងការកាត់បន្ថយនូវការប្រឈមនឹង ការកើតមាននូវជំងឺមហារីក។
ឥទ្ធិពលនៃការធ្វើលំហាត់ប្រាណ ចំពោះកម្រិតអរម៉ូន, មុខងាររបស់ប្រព័ន្ធភាពសុំា និង ចំពោះទម្ងន់ រាងកាយ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអ្នក ការពារនូវការប្រឈម នឹងជំងឺមហារីក។ ការហាត់ ប្រាណ គឺបានជួយជម្រុញដល់ ប្រព័ន្ធការពារភាពសុំា ចំពោះមនុស្សដែលមានការប្រឈម នឹងភាពមិន ប្រក្រតីរបស់ហ្សែន ក្នុងការចាប់យកនូវការ ចម្លងរបស់មេរោគនៃជំងឺមហារីក ។ កោសិកាគ្រាប់ឈាមស ដែលមាននៅក្នុងប្រព័ន្ធការពារភាពសុំា បានធ្វើការ ការពាររាងកាយអ្នក ដោយវាបានធ្វើការប្រយុទ្ធ ប្រឆាំងនឹងការបង្ករោគ និង ជំងឺផ្សេងៗ ។ កោសិកានៃអ្នកការពារ ទាំងនេះ ត្រូវបានបញ្ជូន ទៅជុំវិញរាង កាយ ដោយប្រព័ន្ធទឹករងៃ។ ដោយខុសពីគ្រាប់ឈាម ដែលត្រូវបានច្របាច់បញ្ចេញដោយបេះដូង ប្រព័ន្ធទឹករងៃ គឺមិនមានយន្តការ ក្នុងការច្របាច់បញ្ចេញធ្វើចលនាដោយខ្លួនវានោះទេ ។ ដូចនេះ វាតម្រូវ អោយមានការធ្វើចលនារាងកាយ ដើម្បីជំរុញ អោយទឹករងៃទាំងនេះ រត់នៅក្នុងចរន្តរបស់វា និង ជួយដល់ការងារ លាងសំអាតកោសិកា ។
មូលនិធិនៃ ក្រុមសិក្សាស្រាវជ្រាវនៃជំងឺមហារីក នៅក្នុងពិភពលោក បានធ្វើការណែនាំចំពោះ បុរស និង ស្ត្រី អោយធ្វើ ការកំណត់គោលដៅ ក្នុងការសម្រកទម្ងន់តាមដែលអាចធ្វើបាន។ ស្ត្រីដែលមានភាពធាត់ ជ្រុល គឺមានការកើនឡើងនូវ កម្រិតអរម៉ូន អឺស្ត្រូហ្សែន នៅក្នុងឈាមរបស់ពួកគេ ។ហើយ កត្តានេះ បាន ធ្វើអោយពួកនាង ប្រឈមនឹងជំងឺមហារីកមួយចំនួនដូចជា ជំងឺមហារីកសុដន់ និង ជំងឺមហារីកផ្នែក ប្រព័ន្ធបន្តពូជ ដោយសារតែពួកវា ឆាប់ទទួលរំញោច របស់អរម៉ូនអឺស្ត្រូហ្សែននេះ ។ នៅក្នុងការ សិក្សា ស្រាវជ្រាវមួយ នៅសកលវិទ្យាល័យ ហាវដ ( Harvard ) បានរកឃើញថា ស្ត្រីដែលបានធ្វើជាអត្តពលករ នៅក្នុងវ័យជំទង់ និង អាយុកាល ២០ឆ្នាំដំបូងរបស់ពួកគេ គឺមានអត្រាទាប ក្នុងការប្រឈមនឹង ការកើតមាននូវជំងឺមហារីកសុដន់, ស្បូន, អូវែ,មាត់ស្បូន និង ជំងឺមហារីកទ្វារមាស នៅក្នុងជីវិតរបស់ ពួកគេ ជាជាងស្ត្រី ដែលមិនធ្លាប់បានធ្វើជាអត្តពលករ។ ការធ្វើលំហាត់ប្រាណ អាចជួយពួកគេ បាន ដោយមិនផ្ទាល់ គឺតាមរយៈការជួយរក្សារាងកាយរបស់គេ អោយស្ថិតនៅក្នុងរូបរាងកាយសមសួន ។
សកម្មភាពដែលសាកសមបំផុត មានដូចជា៖
- ការដើរ ដោយប្រើកំលាំង។
- ការរត់។
- ការធាក់កង់។
- ការជិះស្គី។
- ការជិះ ទូកក្តោង។
- ការឡើងភ្នំ។
- ការលេងកីឡាប្រដាល់។
- ការហាត់ក្បាច់គុណ។
- លំហាត់ប្រាណយូហ្គា។
- ការរាំ។
- ការធ្វើសកម្មភាព ហាត់ប្រាណនៅខាងក្រៅផ្ទះ ។
តើអ្នកគួរធ្វើវា អោយបានញឹកញាប់ប៉ុនណា ?
- អ្នកជំនាញផ្នែកជំងឺមហារីក បានធ្វើការណែនាំថា បុរស និង ស្ត្រីគួរធ្វើលំហាត់ប្រាណ អោយបាន យ៉ាងហោចណាស់៣០នាទី និង កំណត់អោយបាន ៥ថ្ងៃ ក្នុងមួយសប្តាហ៍ បន្ថែមពីលើការ ធ្វើសកម្មភាពប្រចាំថ្ងៃ ជាធម្មតារបស់ពួកគេ។
- ក្រុមអ្នកសិក្សាស្រាវជ្រាវ បាននិយាយទៀតថា ទោះបីជាការធ្វើលំហាត់ប្រាណ ក្នុងកម្រិតជា មធ្យម ក៏អាចជួយ ការពារអ្នក ប្រឆាំងនឹងជំងឺមហារីកពោះវៀនបានផងដែរ។
- តាមការសិក្សាអង្កេតស្រាវជ្រាវផ្សេងទៀត បានសរុបសេចក្តីថា កាលបើអ្នក កាន់តែមាន ភាព យ៉ាងសកម្ម នោះអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងខ្លាំង នឹងការ ការពារបាននូវជំងឺ មហារីក។
- ការសិក្សាស្រាវជ្រាវមួយ ដែលបានធ្វើឡើងនៅក្នុងប្រទេសហ្វាំងឡង់ បានរកឃើញថា អ្នកដែលបាន កំណត់ក្នុងការធ្វើលំហាត់ប្រាណ អោយបានយ៉ាងហោចណាស់ ៣០នាទី ក្នុងមួយ ថ្ងៃ គឺបានធ្វើការ កាត់បន្ថយនូវឱកាសនៃការកើតមាននូវជំងឺមហារីក របស់ពួកគេបានដល់ពាក់ កណ្តាល បើប្រៀប ជាមួយនឹង អ្នកដែលធ្វើលំហាត់ប្រាណ បានតិចជាងនេះ ៕