ប៉ៃលិន៖ នៅសាលាខេត្ត ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យប្រតិភូសមាគមន៍ពាណិជ្ជករ នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយលោក បៈរាញឆ័យ ខេមវង្ស នាយកសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះសមាគមពាណិជ្ជករ នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តនៅជាប់ព្រំដែន រួមទាំងខេត្តប៉ៃលិនផងដែរ ដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជា-ថៃ លើការងារគោលនយោបាយ នៃដំណើរការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងទេសចរណ៍ នៃប្រទេសទាំងពីរ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់ប្រតិភូសមាគមន៍ពាណិជ្ជករថៃ ត្រូវបន្ត ធ្វើការជាមួយគ្នា និងបង្កើននូវកិច្ចសហប្រតិបត្តិការនូវបញ្ហាមួយចំនួនបន្ថែមទៀត ដើម្បីលើកស្ទួយផ្នែកពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង២ កម្ពុជា+ថៃ ជាពិសេសជួយផ្ដល់នូវការបណ្តុះបណ្តាលជំនាញផ្សេងៗ ដើម្បីលើកកំពស់កម្លាំងពលកម្មឱ្យកាន់តែមានសមត្ថភាព ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងបង្កើនស្នាដៃរួមគ្នា បម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។
ជាការឆ្លើយតប លោក បៈរាញឆ័យ ខេមរង្ស នាយកសមាគមន៍ពាណិជ្ជករ នៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍សម្ដែងនូវការអរគុណ និងគាំទ្រចំពោះការលើកឡើងរបស់លោជំទាវអភិបាលខេត្ត ហើយចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ និងរាល់សំណូមពរ សមាគមនឹងពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើរឡើង៕