ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការចំណុះអោយរដ្ឋបាលខេត្តចំនួន ៨រូប ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចានឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ។
យោងតាមអនុក្រឹត្យលេខ ៩០៩ អនក្រ.តត ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ត្រូវបានតែងតាំង លោក សៀ សុខុម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ និងលោក លី សុងហ៊ី ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ ឱ្យកាន់តំណែងជាអភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន ។
យោងតាមប្រកាសលេខ ៥៩៧៨ ប្រក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ត្រូវបានតែងតាំង លោកស្រី ជា ដាណែត ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់តំណែងជានាយករដ្ឋបាលសាលាខេត្តប៉ៃលិន ។
យោងតាមប្រកាសលេខ ៥៧៦៧ ប្រក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ត្រូវបានតែងតាំង លោក លឹម វណ្ណា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាអភិបាលរងនៃគណៈអភិបាលក្រុងប៉ៃលិន លោក គឹម សុខា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងនៃគណៈអភិបាលស្រុកសាលាក្រៅ និងលោកស្រី ស៊្រី ចាន់អេង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលជាអភិបាលរងនៃគណៈអភិបាលស្រុកសាលាក្រៅ ។
យោងតាមប្រកាសលេខ ៥៧៥៧ ប្រក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ត្រូវបានតែងតាំង លោក កង លីឈួ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែរ ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម របស់រដ្ឋបាលស្រុកសាលាក្រៅ ឱ្យកាន់តំណែងជានាយករដ្ឋបាលសាលាស្រុកសាលាក្រៅ ។
យោងតាមប្រកាសលេខ ៥៦៦៧ ប្រក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ត្រូវបានប្រគល់ភារកិច្ចជូន លោក ប៉ិច បិន ឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ។
បន្ទាប់ពីតំណាងអភិបាលរងខេត្តថ្មី ធ្វើការប្តេជ្ញាចិត្តរួចមក លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់មន្ត្រីរាជការ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារ:កិច្ច ក្នុងការបំពេញការងារ ប្រកបដោយមនសិការវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្តការងាររបស់រដ្ឋបាលខេត្ត អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។
លោកជំទាវអភិបាល បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីវិសោធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការបង្កើនធនធានមនុស្ស ក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្រប តាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា៖ ការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខតិបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ សំដៅលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការកែលម្អសោភ័ណភាពខេត្ត យ៉ាងស្រស់បំព្រងផងដែរ ៕