ស្ថិតនៅចម្ងាយប្រមាណ ៣៨១,៩៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា មានកន្លែងកម្សាន្តបែបធម្មជាតិ ដូចជាតំបន់ទឹកជ្រោះ ដែនជំរកសត្វព្រៃ ចំការស្រល់ ភូមិជនជាតិភាគតិច និង តំបន់ភ្នំធំតូចជាច្រើន។ មិនតែប៉ុណ្ណោះ ឈានចូលមកដល់វស្សានរដូវ និង សរទរដូវ មណ្ឌលគិរី ចាប់ផ្ដើមមានអាកាសធាតុត្រជាក់គួរជាទីចាប់ចិត្ត ដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅទីនោះ ស្រូបយកខ្យល់អាកាសពីកំពូលភ្នំ បំភ្លេចចោលនូវរាល់ទុក្ខកង្វល់ផ្សេងៗ។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវផ្ទះលម្ហែ ១ កន្លែងស្ថិតនៅលើភ្នំ ក្នុងខេត្តមណ្ឌលគិរី ដែលមានទេសភាពស្រស់ត្រកាល ទាក់ចិត្តប្រិយមិត្តភ្ញៀវទេសចរ ឱ្យចង់ទៅកម្សាន្ត និងស្នាក់នៅលម្ហែ ដែលនៅទីនោះមានឈ្មោះថា «កាឡាក់ស៊ី វីឡារីសត»។
ស្ថិតនៅចំណុចផ្លូវជាតិលេខ ៧៦ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី «កាឡាក់ស៊ី វីឡារីសត» ជាកន្លែងលម្ហែ និងមានបរិយាកាសស្នាក់នៅប្រកបដោយផាសុកភាពតាមបែបលក្ខណៈធម្មជាតិ ដោយមានបន្ទប់គេងសង់ប្រណីតបែបអឺរ៉ុប មានផ្លូវកាច់កោងលើទួលភ្នំ ព្រមទាំងអាចមើលឃើញទេសភាពដាច់កន្ទុយភ្នែកទៀត ស័ក្តសមសម្រាប់ការស្នាក់នៅលម្ហែបែបគូរស្នេហាថ្មីថ្មោង ការជួបជុំបែបលក្ខណៈគ្រួសារ និង បែបមិត្តភាពផងដែរ។
អ្វីដែលកាន់តែពិសេសទៀតនោះ រីសតខាងលើ មានសាងសង់អាងហែលទឹកលើទួលភ្នំ អាចឱ្យភ្ញៀវទេសចរ ងូតទឹកផង និងមើលទេសភាពដាច់កន្ទុយភ្នែក ធានាថាបានទៅហើយ មិនខកជើងនោះឡើយ៕