ហានិភ័យនៃការស្លាប់ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបញ្ហាសុខភាពធ្ងន់ធ្ងរពីជំងឺកូវីដ១៩កើនឡើងយ៉ាងខ្លាំងជាមួយនឹងមនុស្សដែលឆ្លងមេរោគនេះឡើងវិញដដែលៗ ធៀបនឹងការឆ្លងលើកដំបូង ដោយមិនគិតពីស្ថានភាពនៃការទទួលវ៉ាក់សាំង នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ វិច្ឆិកា។
លោកវេជ្ជបណ្ឌិត ហ្សីយ៉ាដ អាល់ អាលី (Ziyad Al-Aly) មកពីសាលាជំនាញវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវ៉ាស៊ីនតោន នៅទីក្រុងសេនល្វីស (St Louis) បាននិយាយថា”ការឆ្លងកូវីដ១៩ឡើងវិញដដែលៗ បង្កើនហានិភ័យនៃការឈឺស្រួចស្រាល់និងការឆ្លងកូវីដរយៈពេលវែង។ នេះត្រូវបានរកឃើញជាក់ស្តែងចំពោះមនុស្សដែលមិនបានចាក់វ៉ាក់សាំង បានចាក់វ៉ាក់សាំងនិងបានចាក់ដូសជំរុញ”។
ការរកឃើញនេះត្រូវបានទាញចេញពីទិន្នន័យរបស់ក្រសួងកិច្ចការអតីតយុទ្ធជនអាម៉េរិក ដែលប្រមូលចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ លើអ្នកជំងឺចំនួន ៤៤៣.៥៨៨ នាក់ដែលបានឆ្លងមេរោគ SARS-CoV-2 មួយលើក អ្នកជំងឺ ៤០.៩៤៧ នាក់ដែលបានឆ្លងមេរោគនេះពីរដងឬច្រើនជាងនេះ និង បុគ្គលមិនឆ្លងមេរោគកូរ៉ូណា ៥,៣ លាននាក់។ មនុស្សភាគច្រើននៅក្នុងការសិក្សានេះគឺជាបុរស។
អ្នកជំងឺដែលឆ្លងមេរោគកូរ៉ូណាឡើងវិញ មានហានិភ័យស្លាប់កើនឡើងទ្វេដង និងហានិភ័យចូលដេកមន្ទីរពេទ្យកើនឡើងជាងបីដង បើធៀបនឹងអ្នកដែលបានឆ្លងកូវីដតែម្តង។ពួកគេក៏មានហានិភ័យខ្ពស់ចំពោះបញ្ហាសួត បេះដូង ឈាម គ្រលៀន ជំងឺទឹកនោមផ្អែម សុខភាពផ្លូវចិត្ត ឆ្អឹង និងសាច់ដុំ និងជំងឺសរសៃប្រសាទផងដែរ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Medicine ។
លោក អាល់ អាលី ជាអ្នកដឹកនាំការសិក្សា បាននិយាយថា “ទោះបីជាមនុស្សម្នាក់នោះបានឆ្លងមេរោគកូរ៉ូណាពីមុននិងត្រូវបានចាក់វ៉ាក់សាំងដែលមានន័យថាពួកគេមានភាពស៊ាំទ្វេដងពីការឆ្លងពីមុនបូកនឹងវ៉ាក់សាំងក៏ដោយ ក៏ពួកគេនៅតែងាយនឹងទទួលលទ្ធផលមិនល្អ នៅពេលឆ្លងមេរោគនេះឡើងវិញ”៕