នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហែម តារា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់មហាជន ពានរង្វាន់តារានិកុរ ខេត្តប៉ៃលិន ស្ថិតនៅតារាងបាល់ទាត់ តារានិកុរ (អូរឈើក្រំ) ពិធីនេះដោយមានការចូលរួមពីកីឡាករបាល់ទាត់ជាច្រើនក្រុម លោកអាជ្ញាកណ្តាល ព្រមទាំងទស្សនិកជនជាច្រើននាក់ទៀតផងដែរ។
លោក ហែម តារា ប្រធានតារាងបាល់ទាត់ តារានិកុរ (អូរឈើក្រំ) ខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖គោលបំណងនៃការរៀបចំពានរង្វាន់នេះឡើងគឺដើម្បីរឹតចំណងសាមគ្គីភាពមិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងបំផុសស្មារតីស្រឡាញ់ចូលចិត្តនិងលេងកីឡាដើម្បីសុខភាពផង។ លោកបានបន្តថា៖ រាល់ការប្រកួតកីឡាតែងតែមានភាគីម្ខាងឈ្នះ និងភាគី ម្ខាងទៀតចាញ់ ទោះបីភាគីណាមួយទទួលបានលទ្ធផលឈ្នះឬចាញ់ក៏ដោយ ក៏វាបានបង្ហាញពីភាពជោគជ័យរួមរបស់យើងទាំងអស់គ្នា ក្រោមការចូលរួមពីស្រទាប់យុវជននៅជុំវិញខេត្តប៉ៃលិន ក៏ដូចជាវិស័យនានានៅក្នុងខេត្ត ដើម្បីញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅបានដោយភាពអធិកអធម សប្បាយរីករាយ។ ជាពិសេសដើម្បីត្រៀមឈានទៅសម្រេចជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ប្រទេសកម្ពុជាយើង ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ។ លើសពីនោះដើម្បីបំផុសយុវជនអោយស្រលាញ់កីឡាជៀសឆ្ងាយពីល្បែងអបាយមុខ និងគ្រឿងញឿនផងដែរ។
លោក ហែម តារា បានមានប្រសាសន៍សម្តែងនូវការអបអរសាទរនិងថ្លែងនូវការកោតសរសើរដ៏ស្មោះចំពោះគ្រូបង្វឹកនិងប្អូនៗកីឡាករទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការប្រកួតអស់រយះពេល០១ខែមកនេះ ហើយម្យ៉ាងវិញទៀតយើងទាំងអស់គ្នាបានខិតខំយកចិត្តទុកដាក់រួមគ្នា បន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញសកម្មភាពកីឡាបាល់ទាត់នៅក្នុងខេត្ត ឱ្យមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ស្របតាមស្តង់ដាបច្ចេកទេសជាតិ-អន្តរជាតិ ឱ្យទទួលបាននូវប្រជាប្រិយភាព និង ជ័យជំនះ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ បន្ថែមលើនេះលោកបានអំពាវនាវលើកទឹកចិត្តក្រុមកីឡាករទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ និងជៀសឆ្ងាយពីគ្រឿងញៀន បន្តបង្កើនសមត្ថភាព ហ្វឹកហាត់ អោយបានខ្លាំងក្លាថែមទៀត ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ អោយកាន់តែមានភាពរីកចំរើនផងដែរ។
គួរបញ្ជាក់ផងដែរថា៖ សម្រាប់ការប្រកួតនេះចែកចេញជាពីរក្រុមធំ ក្រុមបាល់ទាត់ពូល A (មានចំនូន ០៥ក្រុម) និងក្រុមបាល់ទាត់ពូល B (មានចំនូន ០៥ក្រុម) ដែលបានប្រើរយៈពេល ៥សប្តាហ៏ ស្មើនឹង ២៤ប្រកួត ហើយការប្រកួតនេះរើសយកតែ២ដងប៉ុណ្ណោះក្នុងមួយសប្តាហ៏។ សម្រាប់កម្មវិធីបាល់ទាត់បានដំណើរការចាប់ផ្តើមពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ចំពោះលទ្ធផលនៃការប្រកួតផ្តាច់ព្រ័ត្រ ដោយបានរកឃើញម្ចាស់ជើងឯកលេខ០១ បានទៅលើក្រុម Yummy Salmon។ ចំណាត់ថ្នាក់លេខ០២ បានលើក្រុម ខ្យាដំរី។ និងចំណាត់ថ្នាក់លេខ០៣ បានលើក្រុម កាស៊ីណូ ផាលេស។ ហើយលេខ០១ ទទួលបានពានរង្វាន់មួយ មេដៃមាសនិងថវិកា ១លានរៀល។ លេខ២ ទទួលបានមេដៃប្រាក់ និងថវិកា ៧០ម៉ឺនរៀល។ និងលេខ៣ទទួលបានមេដៃសំរិទ្ធ និងថវិកា ៤០ម៉ឺនរៀល ទៀតផង៕