ប៉ៃលិន៖ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានដឹកនាំ យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១១៥០គ្រួសារ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ឯកឧត្តម អ៊ី ឈាន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែង ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហានានា ដូចជា៖ គ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនោះ ឲ្យបានទាន់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តមប្រធាន បានប្រសាសន៍ ថ្លែងការកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានរួមសហការគ្នា ត្រៀមបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងបានជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ តាមដានក្នុងគោលដៅប្រឈមនានា បើមានបញ្ហាប្រឈម សូមប្រញាប់ជួយសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ដើម្បីជួយអន្តរាគមន៍សង្គ្រោះ មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយគ្រោះទឹកជំនន់នោះឡើយ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិនានា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសសូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា៖ អំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១១៥០គ្រួសារ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ គ្រឿងឧបភោគបរិភោគ ឃីដ ១ និងថវិកាមួយចំនួនផងដែរ ៕