នាព្រឹក ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា បានអញ្ចើញជាអធិបតី ក្នុងពិធី ប្រកាសទទួលស្គាល់ ឯកឧត្តម ស្លេះ យូរ ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង- ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត យុវជន កក្រក សរុប ១០៨នាក់។
ឯកឧត្តម ស្លេះ យូរ ប្រធានគណៈកម្មាធិការអនុសាខាក្រុងប៉ៃលិន ដែលទើបបានទទួលការតែងតាំងថ្មី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ គណកម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិនទាំងអស់ បានបានផ្តល់ក្តីទុកចិត្ត និងបានប្រគល់តួនាទី ភារកិច្ចដ៏សំខាន់ ក្នុងការបំរើនូវការងារមនុស្សធម៌ដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ឯកឧត្តមបានប្តេជ្ញាចិត្ត ខិតខំអោយ អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី គោរពគោលការណ៍គ្រឹះទាំង ៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ អភិវឌ្ឃន៍ធនធានថវិកា ធនធានមនុស្ស ដើម្បីឆ្លើយតបឲ្យបានតាមសំណូមពរការងាររបស់ អនុសាខា និង ក្រុមកាកបាទក្រហម គ្រប់មូលដ្ឋាន ភូមិ សង្កាត់ ក្នុងក្រុង ប៉ៃលិន។ បន្តយកចិត្តទុកដាក់ អនុវត្តន៍ នូវភារកិច្ចស្នូល ផែនការណែនាំ របស់ថ្នាក់កណ្តាល និងថ្នាក់សាខា ឲ្យបានសម្រេចលទ្ធផលល្អប្រសើរ ។ ខិតខំពង្រឹងសាមគ្គីភាព ក្នុងជួរគណៈកម្មាធិការ អនុសាខា សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹង ពង្រីកសមាជិកភាព ឲ្យបានច្រើន។ ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកៀរគររកមូលនិធិ ដើម្បីបុព្វហេតុមនុស្សធម៌ជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងធានានិរន្តរភាពនៃចលនា។
ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានពាំនាំប្រសាសន៍ផ្តាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីសំណាក់លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន មកដល់សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅគ្រប់លំដាប់ថ្នាក់ និងបានផ្ញើ កោតសរសើរ និងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ស្លេះ យូរ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងប៉ៃលិនថ្មី ក្នុងឆន្ទះមោះមុត នៃការដឹកនាំអនុគណកម្មាធិការសាខាអោយមានការរីកចំរើនថ្មីៗបន្តទៀត ដើម្បីបុព្វហេតុជាតិ ប្រជាជនរបស់យើង។ ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍ថា កាកបាទក្រហម មានតួនាទីសំខាន់ណាស់ក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះទាំងអស់ អោយរួចផុតពីភាពអស់ឃ្លាន ទុក្ខលំបាកនានា ដែលបង្ករឡើងដោយគ្រោះមហន្តរាយផ្សេង។ ឯកឧត្តមក៏បានណែនាំ ផ្តាំផ្ញើរដល់ប្រធានគណកម្មាធិការអនុសាខាកាកបាទ្រហមកម្ពុជាក្រុងប៉ៃលិន ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នង និងជួយគ្នាទៅវិញទៅមក ក្នុងគណៈកម្មាធិការអនុសាខា។ បន្តអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ឱ្យកៀកដល់ជនងាយរងគ្រោះបំផុត។ បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ ស្តែងនៃប្រតិបត្តិការ ជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ខិតខំកៀរគរ រកមូលនិធិដើម្បីទ្រទ្រង់សកម្មភាពអនុសាខា។ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕ (ដោយ៖ វួច ពឿន ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន)