ការឈឺដើមទ្រូង, ក្តៅខ្លួនខ្លាំង, និងហូរឈាមច្រើន គឺជារោគសញ្ញាដែលងាយនឹងសំគាល់ឱ្យយើងដឹងថាមានអ្វីខុសប្រក្រតី និងជាពេលដែលត្រូវទៅមន្ទីរពេទ្យ។ ប៉ុន្តែពេលខ្លះ រាងកាយរបស់យើងលេចសញ្ញាដែលមិនច្បាស់លាស់ដូចជា អាការៈចាក់ដោតនៅដៃ និងការឈឺក្បាលម្តងម្កាល។ ខាងក្រោមនេះគឺជារោគសញ្ញាទាំង ១០ ដែលត្រូវការការយកចិត្តទុកដាក់របស់អ្នក។ដូច្នេះតើសុភាពនារីទាំងអស់គួរធ្វើដូចម្តេច?សូមអញ្ជើញពិនិត្យមើលដោយយកចិត្តទុកដាក់អំបីសញ្ញាខាងក្រោមនេះដែលកើតមានញឹកញាប់ចំពោះស្ត្រី។
+សុដន់ហើមនិងប្តូរពណ៌
វាជារឿងធម្មតាដែលសុដន់ឡើងធំបន្តិច (ពេលខ្លះហើមខ្លាំង) មុនពេលអ្នកមានឈានរដូវ និងពេលអ្នកកំពុងមានគភ៌។ ប៉ុន្តែការហើមឬប្តូរពណ៌លឿនខុសធម្មតា (ស្វាយឬឡើងអុជក្រហម) អាចជាសញ្ញានៃមហារីកហើមសុដន់ (inflammatory breast cancer) ដែលជាប្រភេទមហារីកកម្រដែលមានការវិវត្តន៍យ៉ាងរហ័ស។ នៅពេលមានរោគសញ្ញាបែបនេះកើតឡើង សូមជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យសុខភាពរបស់អ្នកក្រែងមានជំងឺសុដន់ណាមួយ។
+ការហើមពោះ
ស្ត្រីជាច្រើនដែលមានការហើមដោយសារការមានរដូវ និងប្រតិកម្មជាមួយអាហារអាចហើមពោះក្នុងរយៈពេល ១ ទៅ ២ថ្ងៃ។ ប៉ុន្តែ ការហើមពោះដែលមានយូរជាង ១សប្តាហ៍អាចជាសញ្ញាដំបូងនៃមហារីកក្រពេញអូវ៉ែ (ovarian cancer)។ រោគសញ្ញាផ្សេងទៀតរួមមាន រហ័សឆ្អែតឬពិបាកក្នុងការទទួលទាន, ឧស្សាហ៍បត់ជើងតូច, និងអស់កំលាំងមិនឈប់ឈរ។ ដោយសារតែរោគសញ្ញានៃមហារីកអូវ៉ែមានលក្ខណៈមិនច្បាស់លាស់ដែលបណ្តាលឱ្យយើងមិនចាប់អារម្មណ៍ ដូច្នេះហើយករណីនៃមហារីកនេះភាគច្រើនមិនត្រូវបានរកឃើញទាន់ពេលវេលាឡើយ។ពេលខ្លះគេរកឃើញវានៅដំណាក់កាលចុងក្រោយ។ ប្រសិនបើអ្នកហើមពោះខុសធម្មតា ឬមិនឈប់ឈរ អ្នកត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យរោគស្ត្រី។
+លាមកមានឈាម ឬខ្មៅ
លាមកប្តូរពណ៌ពីមួយថ្ងៃទៅមួយថ្ងៃទៅតាមអាហារនិងថ្នាំដែលអ្នកទទួលទាន (ឧទាហរណ៍៖ ថ្នាំបន្ថែមជាតិដែកអាចធ្វើឱ្យលាមករបស់អ្នកមានពណ៌ខ្មៅ)។ បើលាមកពណ៌ត្នោតឬបៃតង វាជារឿងធម្មតា ប៉ុន្តែសំរាប់លាមកមានឈាមឬខ្មៅ វាកម្រនឹងមិនមានបញ្ហាណាស់។ លាមកខ្មៅមានន័យថា ប្រដាប់រំលាយអាហាររបស់អ្នកនៅផ្នែកខាងលើ(upper gastrointestinal (GI) tract ) របស់អ្នក មានហូរឈាម។ អ្នកគួរជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យរករោគវិនិច្ឆ័យនៃការហូរឈាមនោះនៅតាមផ្លូវរំលាយអាហារដូជាជំងឺដំបៅក្រពះជំងឺមហារីកនិងជំងឺឬសដូងបាតជាដើម។
+ដកដង្ហើមដង្ហក់ខុសធម្មតា
ការដើរឡើងជណ្តីរខ្ពស់ ឬចំណោតខ្លាំងធ្វើឱ្យមានការពិបាកដង្ហើម។ ប៉ុន្តែការដកដង្ហើមដង្ហក់ឬពិបាកក្នុងការដកដង្ហើម បន្ទាប់ពីការដើររយៈពេលខ្លី ដូចជាការដើរទៅចំណតរថយន្តអាចជាសញ្ញាដំបូងនៃកង្វះខាតឈាមដែលទៅចិញ្ចឹមបេះដូង (coronary ischemia)ដោយសារការស្ទះត្រង់ណាមួយនៃសរសៃឈាមដែលនាំឈាមទៅចិញ្ចឹមបេះដូង។ ការស្ទះសរសៃឈាមទាំងស្រុង អាចបណ្តាលឱ្យទៅជាគាំងបេះដូង។ ពិភាក្សាជាមួយគ្រូពេទ្យពីភាពពិបាកដកដង្ហើម។ ប្រសិនបើអ្នកចាប់ផ្តើមមានរោគសញ្ញាផ្សេងទៀត ដូចជា ឈឺឬមិនស្រួលក្នុងទ្រូង, ចង់ក្អួត, សូមប្រញាប់ទៅបន្ទប់សង្គ្រោះបន្ទាន់កាន់តែឆាប់កាន់តែល្អ។
+អស់កម្លាំងមិនឈប់ឈរ
ជីវិតសម័យកាលទំនើបនេះនាំអោយការកាត់បន្ថយការគេងនិងបង្កើនអស់កម្លាំង ប៉ុន្តែប្រសិនបើអ្នកមិនដែលមានអារម្មណ៍ស្រួលខ្លួនទេនោះ (ទោះបីជាបន្ទាប់ពីការគេងលក់ដ៏ស្រួល) ភាពងស់កម្លាំងរបស់អ្នកអាចជាសញ្ញានៃសកម្មភាពក្រពេញទីរ៉ូអ៊ីតធ្លាក់ចុះ(hypothyroidism)។ នៅពេលដែលដំណើរការនៃក្រពេញទីរ៉ូអ៊ីតថយចុះ អ្នកនឹងមានអារម្មណ៍កាន់តែអស់កំលាំង។ រោគសញ្ញាផ្សេងទៀតនៃស្ថានភាពក្រពេញទីរ៉ូអ៊ីត រួមមាន ការធ្លាក់ទឹកចិត្ត សម្ពាធឈាមឡើងខ្ពស់ និងកម្លាំងសាច់ដុំធ្លាក់ចុះ។ អ្នកគួរទៅជួបជាមួយគ្រូពេទ្យ ប្រសិនបើមានករណីនេះកើតឡើង។ គ្រូពេទ្យនឹងពិនិត្យមើលកំរិតអ័រម៉ូនរបស់អ្នក និងពិនិត្យរករោគសញ្ញាផ្សេងទៀត ដូចជា ការគេងអត់ដកដង្ហើម (sleep apnea)។
+ការស្រកទម្ងន់
ការស្រកទំងន់ដោយខ្លួនឯងគឺជារឿងគួរឱ្យបារម្មណ៍ លើកលែងតែអ្នកព្យាយាមសំរកទម្ងន់។ សញ្ញាគ្រោះថ្នាក់ ១ ក្នុងចំណោមសញ្ញាដទៃទៀតដូចជា មហារីក គឺការស្រកទម្ងន់ដោយមិនដឹងមូលហេតុ។ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើអ្នកមានសញ្ញាបែបនេះ។
+រោមទ្រូងឬមុខ
កម្រិតឡើងខ្ពស់នៃ androgens (អរម៉ូនបុរស) អាចធ្វើឱ្យរោមដុះច្រើន និងអាចជាសញ្ញានៃ polycystic ovary syndrome (PCOS) ដែលជាជំងឺអរម៉ូនញឹកញាប់បំផុតក្នុងចំណើមស្ត្រីក្នងុវ័យបង្ករកំនើត។ សញ្ញាផ្សេងទៀតដែលទាក់ទងនឹង PCOS មានដូចជា ចេញមុន លើសទម្ងន់ មករដូវមិនទៀងទាត់ និងសម្ពាធឈាមឡើងខ្ពស់។
+បញ្ហាពោះ
ការឈឺឬចុកពោះញឹកញាប់ ការរាគ និង/ឬ ការទល់លាមក អាចជាសញ្ញានៃរោគរលាកពោះវៀន (irritable bowel syndrome (IBS)) ដែលជាប្រជុំសញ្ញាមួយដែលកើតឡើងចំពោះស្ត្រីច្រើនជាងបុរស។ វាងាយស្រួលនឹងមើលរំលងឬបាត់រោគសញ្ញាទៅវិញ ដូចជាការមិនស្រួលពោះ (upset stomach) ឬ ការទទួលទានអាហារមិនស្អាត ប៉ុន្តែរោគរលាកពោះវៀនអាចព្យាបាលបានដោយការប្តូរអាហារប្រចាំថ្ងៃ របៀបរស់នៅ និងការគ្រប់គ្រងភាពតានតឹងអារម្មណ៍ (stress management)។ ការទទួលទានថ្នាំអាចជួយបំបាត់រោគសញ្ញា។រាល់ការប្រើថ្នាំគួរតែមានការពិគ្រោះជាមួយគ្រូពេទ្យ។
+ហូរឈាមតានយោនីបន្ទាប់ពីវ័យអស់ឈាមរដូវ
ការហូរឈាមនេះមិនមែនធម្មតាទេ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យឱ្យបានឆាប់បំផុត។ ការហូរឈាមអាចមិនមានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែវាអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរ ដូចជា មហារីក។
+អស់កម្លាំង ឈឺក្បាល វិលមុខ បាត់បង់លទ្ធភាពមើលឬនិយាយ
ប្រសិនបើរោគសញ្ញាមួយឬច្រើនក្នុងចំណោមរោគសញ្ញាទាំងអស់នេះកើតឡើងធ្ងន់ធ្ងរភ្លាមៗនិងមិនដោយមិនដឹងមូលហេតុអ្នកត្រូវប្រញាប់ស្វែងរកការពិនិត្យនិងព្យាបាល។ វាអាចជាសញ្ញានៃការដាច់សរសៃឈាមក្នុងខួរក្បាល៕