ប៉ៃលិន៖ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ត្រៀមរៀបចំមេទ្ទីញខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ ដើម្បីអបអរសាទរ ចំពោះជ័យជំនះជាប្រវត្តិសាស្ត្រ ដែលកម្ពុជាទាមទារបានមកវិញនូវឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការប្រារព្ឋខួបអនុស្សាវរីយ៏លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតនៃកងយោធពលខេមភូមិមិន្ទ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការរំលឹកដល់សមិទ្ធិផល និងជាស្នាមព្រះហស្ថដ៏មហាថ្លៃថ្លារបស់ព្រះមហាវីរៈក្សត្រ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយបានបង្កើតឡើងនូវកងយុទ្ធពលខេមរភូមិន្ទដ៏ក្លាហានរបស់ប្រជាជាតិខ្មែរ និងបានកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការរីកចំរើនលើគ្រប់វិស័យ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកំលាំងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការការងារដែលបានដាក់ចេញ អោយមានប្រសិទ្ធភាពខ្ពស់ មានសណ្តាប់ធ្នាប់ មានភាពអធិកអធម ឧត្តុង្គឧត្តម សំរាប់ការប្រារព្ធមេទ្ទីងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២២ និងទិវាថ្ងៃកំណើតកងយុទ្ធពលខេមរភូមិន្ទ នាពេលខាងមុខ ពោរពេញដោយស្នាមញញឹម និងភាពខ្លៀវក្លា ប្រកបដោយមោទនភាពជាតិ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ស្នើឱ្យមន្ទីរសុខាភិបាលខេត្ត ធ្វើការរៀបចំនូវសម្ភារៈដែលតម្រូវការចាំបាច់ និងមានរថយន្តសង្គ្រោះ ដើម្បីត្រៀមនៅពេលមានបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធមានបញ្ហាអីកើតឡើង ត្រូវជួយសង្គ្រោះឱ្យទាន់ពេលវេលា និងត្រូវដាក់ម៉ាស៊ីនវាស់កំដៅ រួមជាមួយទឹកអាកុល ឬ ជែល ព្រមទាំងម៉ាសផងដែរ ដោយធ្វើយ៉ាងណាចូលរួមកាត់បន្ថយហានិភ័យពីការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ ៣កុំ ។
សូមបញ្ជាក់ថា៖ គម្រោងនៃការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានចេញសេចក្តីណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំចាត់ចែងការងារតាំងលម្អភ្លើង ចងបដាពាក្យស្លោក ទង់ សាសនា ព្រះមហាក្សត្រ នៅតាមទីតាំងសហគ្រាស ឯកជននិងទីសាធារណៈ ហើយណែនាំឱ្យប្រជាជនចងទង់ជាតិនៅតាមផ្ទះជាដើម ដោយឡែកកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ និងភ្ញៀវទេសចរដែលមកកំសាន្តនៅខេត្តប៉ៃលិន អោយបានល្អប្រសើរ៕