ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅសាលាចំណេះទូទៅសារវិជ្ជា បានរៀបចំ កម្មវិធីប្រគល់វិញ្ញាបនបត្រ ប័ណ្ណសរសើរ និងបើកបវេសនកាលឆ្នាំសិក្សាថ្មី ស្ថិតក្រោមវត្តមានលោកស្រី ឡុង វណ្ណៈ អនុប្រធាន មន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកចៅសង្កាត់ប៉ៃលិន កងកម្លាំងប្រដាប់អាវុធ ស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោកស្រី ឡុង វណ្ណៈ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការប្រារព្ធពិធីនេះធ្វើឡើងមានគោលបំណងក្នុងការលើកកម្ពស់គុណភាពអប់រំ នៅខេត្តប៉ៃលិនឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនិងគោលនយោបាយអប់រំ និងកំណែទម្រង់របស់ក្រសួងអប់រំក៏ដូចជាការដឹកនាំ របស់រាជរដ្ឋាភិបាលនូវយុទ្ធសាស្រ្តដំណាក់កាលទីបួននេះផងដែរ។ ជាពិសេសលោកស្រី បានមានប្រសាសន៍ក្រើនរំលឹកដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជាដែលលោកគ្រូអ្នកគ្រូបានបង្ហាត់បង្រៀន ព្រោះថាក្មួយៗសិស្សានុសិស្សជាយុវជនស្នងឬស្សីបន្តវេនសម្រាប់ដឹកនាំប្រទេសជាតិតទៅមុខទៀត ហើយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ដើម្បីធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី ឡុង វណ្ណៈ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់លោកគ្រូអ្នកគ្រូ បុគ្គលិក និងថ្នាក់ដឹកនាំរបស់សាលាចំណេះទូទៅសារវិជ្ជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិស្សានុសិស្សប្រកបដោយប្រសិទ្ធភាពខ្ពស់។
បើតាមរបាយការណ៍លោក សេង សារ៉ាក់ នាយកសាលាចំណេះទូទៅសារវិជ្ជា បានឱ្យដឹងថា៖ សាលាចំណេះទូទៅសារវិជ្ជា មានសិស្សសរុបទាំងអស់មានចំនួន ៣៣២នាក់ ស្រីមានចំនួន ១៤០នាក់។ ក្នុងនោះដែរ សិស្សប្រឡងបញ្ចប់យកវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកភាសាអង់គ្លេស(Starter) ចំនួន ៤៦នាក់ ស្រី ១៨នាក់ ប្រឡងជាប់ចំនួន ៣៩នាក់ ស្រី ១៥នាក់ និងធ្លាក់ ចំនួន ០៧នាក់ ស្រី ០៣ នាក់។ សិស្សប្រឡងបញ្ចប់យកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផ្នែកភាសាអង់គ្លេស(level 1) មានចំនួន ៤៥នាក់ ស្រី ១៧នាក់ ប្រឡងជាប់ចំនួន ៣៩នាក់ ស្រី ១៥នាក់ និងធ្លាក់ ចំនួន ០៦នាក់ ស្រី ០២ នាក់។ សិស្សប្រឡងបញ្ចប់ យកវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកភាសាអង់គ្លេស(level 3) មានចំនួន ៣១នាក់ ស្រី ២២នាក់ ប្រឡងជាប់ចំនួន ២៤នាក់ ស្រី ១៦នាក់ និងធ្លាក់ ចំនួន ០៧នាក់ ស្រី ០៦ នាក់។ ចំណែកសិស្សទទួលបានប័ណ្ណសរសើរពីថ្នាក់៖-មត្តេយ្យទាប ដល់មត្តេយ្យខ្ពស់ ផ្នែកភាសាខ្មែរ មានចំនួន ១០នាក់ ស្រី ០៦នាក់
-បឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) ផ្នែកភាសាខ្មែរ មានចំនួន ៤៦នាក់ ស្រី ២៤នាក់ -ផ្នែកភាសាអង់គ្លេសពេញម៉ោង មានចំនួន ០៥នាក់ ស្រី ០១នាក់ផងដែរ៕