ប៉ៃលិន៖ រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២២ ជូនដល់មន្ទីរជំនាញក្នុងខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការផ្សព្វផ្សាយសារាចរ ០១០ សហវ នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ធ្វើការអនុវត្តថវិកាអោយបានត្រឹមត្រូវ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះ ក៍មានគោលបំណង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការអនុវត្តគម្រោងសកម្មភាព ចំណូល-ចំណាយ ថវិកាប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងជម្រុញដល់ការងារឲ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ហើយការបិទបញ្ជីចំណូល ចំណាយអោយមានតម្លាភាព និងឆាប់រហ័សទៀតផង ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញ ដល់គ្រប់មន្ទីរអង្គភាព ត្រូវតែគិតគូអោយបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយរបស់ខ្លួនអោយបានជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងក្នុងការដំណើរការអនុវត្តការងារថវិកា និងយន្តការការអនុវត្តន៍ថវិកាថ្នាក់ក្រោមជាតិ ចំណែកការអភិវឌ្ឍក្នុងមន្ទីរអង្គភាពរបស់ខ្លួន ក៍ត្រូវរំលេចនូវសកម្មភាព និងបេសកកម្មចម្បងៗរបស់ក្រសួង-ស្ថាប័ន អំពីភាពជាក់ស្ដែងនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំកន្លងមក និងការប៉ាន់ស្មានស្ថានភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រថវិកាបច្ចុប្បន្នធៀបទៅនឹងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវបញ្ហាប្រឈមដែលត្រូវដោះស្រាយ និង ផែនការថវិកាឆ្នាំខាងមុខទៀត ហើយដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា មន្ទីរអង្គភាពជុំវិញខេត្ត ក៍ត្រូវគិតគូ និងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារបិទបញ្ជី ចំណូល-ចំណាយថវិកាក្នុងឆ្នាំ២០២២ នេះ ឱ្យបានត្រឹមត្រូវច្បាស់លាស់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ណែនាំដល់គ្រប់មន្ទីរអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំអនុវត្តថវិកាកម្មវិធីគ្រប់អង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋានថ្នាក់ក្រោមជាតិនេះ ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយទាំងផ្នែកចំណូល និងផ្នែកចំណាយដែលកំណត់ដោយសារាចរនេះ ឲ្យកាន់តែមានភាពសុក្រិត្យ និងគុណភាពល្អ ៕