ប៉ៃលិន៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា របស់មន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងម្ចាស់ក្រុមហ៊ុន និងសហគ្រាសផងដែរ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានលើកឡើងថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំប្រមូលផ្តុំនូវគំនិតស្មារតី ធ្វើការដឹកនាំអភិវឌ្ឍន៍ខេត្ត ឲ្យមានរីកចម្រើនជាបន្តបន្ទាប់ រួមទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការងារសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធនានា និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ ក្រុង/ស្រុក ឃុំ/សង្កាត់ ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល បានមានប្រសាសន៍ឱ្យដឹងថា៖ វិស័យរ៉ែ និងថាមពល និងប្រេងការ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងបានផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាក់ស្តែង ប្រជាពលរដ្ឋទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ស្ទើរគ្រប់ក្នុងផ្ទះ ប្រមាណជាង ៩៥% ដូច្នេះមន្ទីរ៉ែ និង ថាមពល គឺជាសេនាធិការរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាត្រូវត្រួតពិនិត្យ និងចេញ អាជ្ញាប័ណ្ណ ឱ្យបានត្រឹមត្រូវ ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណក្នុងការប្រកបមុខរបរអាជីវកម្មរបស់ខ្លួន ទៅតាមច្បាប់ ដែលបានកំណត់ ។
នៅក្នុងឱកាសនោះផងដែ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ រ៉ែ និងថាមពល ខេត្តប៉ៃលិនទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ធ្វើការងារអស់កម្លាំងកាយចិត្ត និងបានអនុវត្តទៅតាមគោលការ បែបបទរបស់ក្រសួង ដែលបានដាក់ជូនបានយ៉ាងល្អប្រសើរ ហើយជាមួយនឹងការទទួលបាននូវសមិទ្ធផលថ្មីៗ ដែលរាជរដ្ឋាភិបាលបានផ្តល់នូវអាគាររដ្ឋបាលថ្មីនេះ គឺត្រូវយកចិត្តទុកដាក់ថែរក្សា ដើម្បីប្រើប្រាស់បានយូរអង្វែង ។
បើតាមរបាយការណ៍របស់លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានអោយដឹងថា៖ អគាររដ្ឋបាលថ្មីនៃមន្ទីរ៉ែ និងថាមពល ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានបញ្ចប់ការសាងសង់ ១០០% នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដោយប្រើរយៈពេលសាងសង់ចំនួន ៥ខែ ១៩ថ្ងៃ គឺមានទំហំ ២០ម៉ែត្រx ១០ ម៉ែត្រ, មានកម្ពស់ ២ ជាន់, ជាន់ក្រោមមានចំនួន ៧ បន្ទប់ មានបន្ទប់ទឹកចំនួន ២, ជាន់លើមានចំនួន ៣បន្ទប់ (សាលប្រជុំ ១) និងបន្ទប់ទឹកចំនួន ២ និងបាននាំពាក់ម៉ាស៊ីនត្រជាក់ និងសង្ហារឹមសម្រាប់បំពេញការងាររួចរាល់ ៕