ប៉ៃលិន៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នូវអង្ករចំនួន ៥០តោន និងថវិកាចំនួន ១០ម៉ឺនដុល្លា ជូនដល់រដ្ឋបាលខេត្ត ដើម្បីបន្តចាត់ចែងរៀបចំជាកញ្ចប់ស្បៀងបន្ថែមទៀត សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងមានជីវភាពខ្វះខាត នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អោយដឹងថា៖ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញ ពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ បានណែនាំដល់អាជ្ញាធរតាមខេត្តនានា រួមទាំងខេត្តប៉ៃលិនផងដែរ ត្រូវចាត់ចែងចែកស្បៀង និងថវិកាជូនពលរដ្ឋរងគ្រោះ ដោយមិនចាំបាច់រង់ចាំវត្តមានសម្តេចនោះទេ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាពេលនេះ គឺជាការបំពេញបន្ថែមពីលើជំនួយដែលបានពីប្រភពនានាកន្លងមក តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ដើម្បីដោះស្រាយជាបន្តបន្ទាប់តាមដំណាក់កាល ហើយជាក់ស្តែងក្នុងកាលទេសៈនេះ គឺត្រូវចែកជូនដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងមានជីវភាពខ្វះខាត នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិនយើង ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ប្រកបដោយការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វេហេតុផ្សេងៗ ពិសេសជាង ២ឆ្នាំមកហើយ ក្នុងស្ថានភាពដ៏សែនលំបាកប្រកបដោយគ្រោះថ្នាក់នៃការរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះសង្រ្គោះ ឆក់យកបានជិវិតប្រជាពលរដ្ឋចេញពីក្រញាំមច្ចុរាជមកវិញ តាមការចាក់វ៉ាក់សាំងស្រោចបង្កើតភាពស៊ាំ និងបើកប្រទេសឱ្យដំណើរការឡើងវិញតាមប្រក្រតីភាពថ្មី បន្តការអភិវឌ្ឍទៅមុខ។
សូមរំលឹកថា៖ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារមានភ្លៀងធ្លាក់ច្រើន ខេត្តប៉ៃលិនក៍បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលអោយរងផលប៉ះពាល់ដល់លំនៅដ្ឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋជាច្រើនហិចតា ដូចជា៖ ដំណាំដំឡូងមី ដំណាំពោត ដំណាំស្រូវ ដំណាំរួមផ្សំ និងបន្លែបង្ការផងដែរ ៕