រៀងរាល់ថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃឈប់សម្រាកពីការងារ ប្រិយមិត្តមួយចំនួនប្រាកដជាមានអារម្មណ៍ថាខ្ជិលក្នុងការធ្វើដំណើរផ្លូវឆ្ងាយដើម្បីទៅលម្ហែកាយ ដោយចង់តែទៅកម្សាន្តកន្លែងទេសចរណ៍ទាំងឡាយណាដែលនៅជិតៗក្រុង និង មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ កាត់បន្ថយសម្ពាធការងាររបស់ខ្លួនមិនខាន។
ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវទីតាំងលម្ហែកម្សាន្តថ្មីមួយ ដែលមានទីតាំងនៅជិតរាជធានីភ្នំពេញ ងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្តនៅថ្ងៃសម្រាកណាមួយ ដែលនៅទីនោះមានឈ្មោះថា «បឹងកម្សាន្ត-Enjoy Lake»។
ស្ថិតនៅចន្លោះ ឈូកវ៉ា ២ និង ៣ ក្នុងភូមិត្រាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ «បឹងកម្សាន្ត-Enjoy Lake» ជាទីលម្ហែមាត់បឹងដែលមានបរិយាកាសស្រស់ស្រាយ ចាំទទួលអ្នកទៅលេងកម្សាន្តនៅទីនោះទាំងយប់ទាំងថ្ងៃ ខណៈនៅទីនោះមានប្លង់ថតរូបស្អាតៗប្លែកៗជាច្រើន ស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តថតរូប។
អ្វីដែលកាន់តែពិសេសទៀតនោះ ទីតាំងខាងលើមានទាំងកញ្ជុះលើគោក និង លើទឹក ហើយអ្នកដែលទៅកម្សាន្តក៏អាចស្ទូចត្រីក្នុងបឹងទៀតផង ដោយពុំត្រូវចំណាយថវិកានោះឡើយ រីឯម្ហូបអាហារក៏មានតម្លៃសមរម្យ អាចទទួលយកបាន៕