ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ និងប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់កាលពីថ្ងៃអង្គារថា ការប្រកួតបាល់ទាត់ពិភពលោក U-20 ឆ្នាំក្រោយនឹងត្រូវប្រកួត នៅប្រទេសឥណ្ឌូនេស៊ី តាមការគ្រោងទុក បើទោះបីជាសោកនាដកម្ម ពហុកីឡាដ្ឋាននាពេលថ្មីៗនេះ ដែលបានបណ្តាលឱ្យមនុស្ស ១៣២នាក់បានស្លាប់ក៏ដោយ។
លោក វីដូដូ បានលើកឡើងថា លោកនិងប្រធានស្ថាប័នគ្រប់គ្រង កីឡាពិភពលោកចង់ឱ្យ FIFA គោរពតាមស្តង់ដារនៅពេល ដែលការប្រកួតត្រូវបានប្រារព្ធឡើង ហើយពួកគេបានយល់ស្របថា ការគ្រប់គ្រងការប្រកួតបាល់ទាត់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាំបាច់ត្រូវធ្វើកំណែទម្រង់។
លោក វីដូដូ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពី លោកបានពិភាក្សាជាមួយ Infantino ថា “សុវត្ថិភាព សម្រាប់ទាំងអ្នកលេង និងអ្នកទស្សនាគួរតែត្រូវបានធានា។ សម្រាប់នោះ យើងបានយល់ព្រម ដើម្បីពិនិត្យមើលស្ថានភាពនៃកីឡដ្ឋាន និងក៏អនុវត្តបច្ចេកវិទ្យា ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ ដែលអាចកើតមានចំពោះអ្នកលេង និងអ្នកទស្សនា” ។
លោក Infantino បានលើកឡើងថា FIFA នឹងបញ្ជូនអ្នកជំនាញរបស់ខ្លួន ដើម្បីជួយកែទម្រង់កីឡា បាល់ទាត់ឥណ្ឌូនេស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
គួរបញ្ជាក់ថា ក្រៅពីអ្នកស្លាប់ ការរត់ជាន់គ្នាស្លាប់នៅខេត្តជ្វាខាងកើត កាលពីថ្ងៃទី០១ ខែតុលា ក៏បានធ្វើឲ្យមនុស្សជិត ៥០០នាក់ផ្សេងទៀតរងរបួស។
កុប្បកម្មនេះបានកើតឡើងបន្ទាប់ពី Arema FC មកពីទីក្រុង Malaang ត្រូវបានគូប្រជែង Persebaya មកពីខេត្ត Surabaya ធ្វើឱ្យអ្នកគាំទ្រ Arema ខឹងសម្បាជាច្រើនបានលុកលុយទីលាន និងដេញតាមកីឡាករ និងមន្ត្រី Persebaya ។
ប៉ូលីសបានបាញ់ធុងឧស្ម័ន បង្ហូរទឹកភ្នែកចូលទៅក្នុង ហ្វូងមនុស្សនៅឯកីឡដ្ឋាន Kanjuruhan ដែលជាកន្លែង ដែលអ្នកទស្សនាប្រហែល ៤២០០០នាក់ ត្រូវបានប្រមូលផ្តុំទៅក្នុងទីលាន ដែលមានសមត្ថភាពផ្ទុកត្រឹម ៣៨០០០នាក់៕