ដើម្បីពិនិត្យលទ្ធភាព និងអន្តរាគមន៍ តភ្ជាប់ផ្លូវជនបទឡើងវិញជូនឲ្យប្រជាពលរដ្ឋ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារពិសេសទី២ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃបឋមនៅផ្លូវជនបទ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តប៉ៃលិនឆ្នាំ២០២២នេះចំនួន៤ឃុំ ក្នុងស្រុកសាលាក្រៅ រួមមានឃុំសាលាក្រៅ ឃុំអូរអណ្តូង ឃុំស្ទឹងកាច់ និងឃុំស្ទឹងត្រង់។
ក្នុងឱកាសចុះពិនិត្យ ឯកឧត្តម អ៊ិន ចន្ថា បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់តាំងឱ្យរូបឯកឧត្តមផ្ទាល់ធ្វើការដឹកនាំក្រុមការងារ ធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍ តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយផ្លូវជាច្រើនខ្សែរងផលប៉ះពាល់ខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងចំណុចភូមិសាស្ត្រខេត្តប៉ៃលិន។ជាមួយគ្នានោះឯកឧត្តម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក-លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដែលបានសហការណ៍ សាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមកបានល្អប្រសើរច្រើនស្របតាមគោលដៅដែលគ្រោងទុក ។
ឯកឧត្តមបានបន្ថែមថា ក្នុងសកម្មភាពចុះថែទាំផ្លូវជនបទ អណ្តូងស្នប់ និងបង្គន់អនាម័យទាំងរដូវប្រាំង និងរដូវវស្សា ក្នុងការជួសជុលតភ្ជាប់ និងស្តារឡើងវិញ ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ សិស្សានុសិស្សទៅសាលារៀន ប្រជាពលរដ្ឋទៅរកសេវានានាពិសេសស្ត្រីមានផ្ទៃពោះទៅរកសេវាសុខាភិបាល និងប្រកបរបររកស៊ីក៏ដូចជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗផងដែរ។
បើតាមលោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដល់មន្ទីរជំនាញជុំវិញខេត្ត ក្រោយពីរដូវភ្លៀងត្រូវចុះពិនិត្យមើលរាល់ហេដ្ឋារចនាសម្ព័ន្ធខូចខាត ដើម្បីសិក្សា រៀបចំស្តារឡើងវិញ ក្នុងគោលបំណងសម្រួលការធ្វើដំណើរ ដឹកកសិផល របស់ប្រជាពលរដ្ឋបានទាន់ពេលវាលា។ លោកបន្តថា ជំនន់ទឹកភ្លៀងបណ្តាលឲ្យផ្លូវជនបទនៅក្នុងខេត្តប៉ៃលិន បានរងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរចំនួន ៥ខ្សែ ប្រវែង ២៤.៩គ.ម នៅស្រុកសាលាក្រៅរួមមាន៖១.ស្ពានថ្មទំនប់ និងចំការស្វាយថៃ អូរទឹកភ្ងាវ ស្ថិតនៅឃុំស្ទឹងត្រង់ និងឃុំអូរអណ្តូង ប្រវែង ៧.៧០គ.ម។ ២.ក្បាលឡាន ស្ថិតនៅឃុំសាលាក្រៅ ប្រវែង ៤.៥០គ.ម។ ៣.ទឹកចេញ និងព្រះឥន្ទលក់លត ស្ថិតនៅឃុំស្ទឹងកាច់ និងឃុំអូរអណ្តែង ប្រវែង ៤.៨០គ.ម។ ៤.សៃឡូសៀលេក-ភ្នំស្តង់ ស្ថិតនៅឃុំសាលាក្រៅ ប្រវែង ៣.៥០គ.ម។ ៥.ស្រែម្អម-បឹងអាជាង ស្ថិតនៅឃុំសាលាក្រៅ ប្រវែង ៤.៤០គ.ម ផងដែរ ៕