នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ខេត្តប៉ៃលិនបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រាមជាតិ ស្ថិតក្រោមអធិបតីភាពឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលមានការអញ្ចើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត ប្រតិភូអមដំណើរ និងលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ គណៈអភិបាលក្រុង-ស្រុក លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារនៃមន្ទីរមុខងារសាធារណៈផងដែរ។
ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍លើកឡើងថា៖ ការអនុវត្តន៍ច្បាប់ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិរាជរដ្ឋាភិបាលបានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តនានា និងកែសម្រួលនូវប្រព័ន្ធដឹកនាំការងារ ការគ្រប់គ្រងនិងនិតីវិធីនៃការបំពេញកិច្ចការងារនៅថ្នាក់ក្រោមជាតិ ដោយផ្អែកលើគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ជាក់ស្តែងការងារបុគ្គលិកនេះគឺមានសារៈសំខាន់ដើម្បីលើកទឹកចិត្ត និងការពារផលប្រយោជន៍ស្របច្បាប់របស់មន្ត្រីរាជការ ពីព្រោះមន្ត្រីរាជការគឺជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ ជាពិសេសឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា៖ ការចុះផ្សព្វផ្សាយនេះក្នុងគោលដៅជំរុញអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណផលខ្ពស់ក្នុងការគ្រប់គ្រងបុគ្គលិកនៅថ្នាក់ក្រោមជាតិ។ ក្នុងឱកាសនោះ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានកោតសសើរវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុង-ស្រុក ស្ថាប័នជុំវិញខេត្ត បានអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទៅតាមលក្ខន្តិកៈពិតប្រាកដនិងត្រឹមត្រូវ។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ សម្រាប់ការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ និងនីតិវិធីនៃការផ្តល់ទិដ្ឋាការ សម្រាប់ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការ ស៊ីវិលនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែច្បាស់លាស់ និងអនុវត្តបានល្អប្រសើរនូវនីតិវិធីដែលបានដាក់ចេញ។លោកបានមានប្រសាសន៍៖ ថ្លែងអំណរអគុណដល់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលបានផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រាមជាតិ ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលខេត្ត ក្រុង-ស្រុក មន្រ្តីរាជការ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗទៀត និងងាយស្រួលយកទៅអភិវឌ្ឍន៍អោយមានប្រសិទ្ធភាព និងតម្លាលភាពខ្ពង់ផងដែរ។សូមបញ្ចាក់ថា៖ មន្រ្តីរាជនៅទូទាំងខេត្តប៉ៃលិនមានចំនួន ១៧១៨នាក់៕