ប៉ៃលិន៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យមើលចំនុចព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីដោះស្រាយបញ្ចប់នូវបញ្ហាជាយូឆ្នាំមកនេះ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រំប្រទល់ខេត្តដែលមិនច្បាស់លាស់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង គឺមានចំនួន ២ចំនុច ទី១-ចំនុចភូមិសាស្ត្រតំបន់គ្រប់គ្រងរដ្ឋបាលរវាង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និង ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង និងទី២-ចំណុចភូមិសាស្ត្រតំបន់គ្រប់គ្រងរដ្ឋបាលរវាង ឃុំសាលាក្រៅ, ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងឃុំកំរៀង, ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ហើយតាមស្ថានភាពជាក់ស្តែង ប្រជាពលរដ្ឋបានមករស់នៅតាមតំបន់នេះ តាំងពីក្រោយសមាហរណកម្មជាមួយរាជរដ្ឋាភិបាលនាឆ្នាំ១៩៩៧ មកម្លេះ ក្នុងនោះអាជ្ញាធរខេត្តប៉ៃលិន បានផ្តល់សេវាសាធារណៈជូនពួកគាត់លើគ្រប់វិស័យ ដូចជា៖ វិស័យអប់រំ សេដ្ឋកិច្ច សង្គមកិច្ច សុខាភិបាល និងបានផ្តល់ឯកសារបញ្ជាក់រដ្ឋបាលផ្សេងផងដែរ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ កន្លងមកអាជ្ញាធរខេត្តជាច្រើនជំនាន់មកហើយ បានធ្វើការដោះស្រាយ ដើម្បីកំណត់ព្រំប្រទល់ខេត្តទាំង២ អោយបានច្បាស់លាស់ តែបញ្ហានេះ បានអូសបន្លាយរហូតមកពេលបច្ចុប្បន្ន ដោយធ្វើការគ្រប់គ្រងត្រួតស៊ីគ្នា ធ្វើអោយប្រជាពលរដ្ឋរស់នៅតំបន់នេះ មានការលំបាកជាខ្លាំង ពីព្រោះភូមិសាស្ត្រដែនដីតាមព្រះរាជក្រឹត្យ គ្រប់គ្រង់ដោយខេត្តបាត់ដំបង ចំណែកជាក់ស្តែងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈនានា គឺនៅខេត្តប៉ៃលិន ដូច្នេះការជួបគ្នានៅទីតាំងភូមិសាស្ត្រជាក់ស្តែងនាថ្ងៃនេះ រវាងថ្នាក់ដឹកនាំនៃខេត្តទាំង២ បានឯកភាពគ្នាយកដងស្ទឹងជាព្រំប្រទល់ ហើយអោយមន្ត្រីជំនាញធ្វើឯកសារជាបន្ទាន់ ដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីកំណត់ព្រំប្រទល់ខេត្ត អោយបានច្បាស់លាស់ ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់គ្រប់គ្រងត្រួតស៊ីគ្នា បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជួយដោះស្រាយបញ្ហានេះ ព្រោះពួកគាត់បានជួបការលំបាកជាច្រើនឆ្នាំមកហើយ ដោយទឹកដីនៅខេត្តបាត់ដំបង តែការគ្រប់គ្រង និងប្រើប្រាស់សេវាផ្សេងៗ នៅខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា៖ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ ពាន់នាក់ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ ថា៖ បញ្ហាការកែរសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិននេះ អាជ្ញាធរខេត្តទាំង ២ បានដោះស្រាយតាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជិត ៣០ ឆ្នាំទៅហើយ ប៉ុន្ដែបែរជាមិនទាន់ដោះស្រាយបានរួចរាល់ទៅវិញ ដូច្នេះសម្តេចបានទុកពេលចំនួន ២សប្ដាហ៍ឱ្យអភិបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ត្រូវដោះស្រាយឱ្យបានរួចរាល់នូវបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង ២ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ៕