អាជ្ញាធរខេត្តប៉ៃលិនបានជម្រុញអោយ រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានាក្នុងខេត្ត ត្រូវបំផុសគំនិតប្រជាពលរដ្ឋ អោយផ្លាស់ប្ដូរឥរិយាបថ ដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ។ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្តប៉ៃលិនស្ដីពីការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឆ្នាំ២០២២ និងទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិនបាន មានប្រសាន៏ថា៖ ការផ្លាស់ប្ដូរដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់អនាម័យជាប្រចាំ ពិតជាបានរួមចំណែកក្នុងការលើកកម្ពស់អនាម័យនៅក្នុងសហគមន៍ ព្រមទាំងជៀសបាននូវការឆ្លងរីករាលនៃជំងឺនានា នៅពេលប្រជាពលរដ្ឋងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ព្រមទាំងបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើតសេដ្ឋកិច្ចជាតិផងដែរ។
លោកអភិបាលរងខេត្តបន្ថែមទៀតថា៖ ដើម្បីអោយការអនុវត្តផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០១៩-២០២៣ អោយទទួលបានជោគជ័យតាមផែនការដែលបានកំណត់ រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានាក្នុងខេត្ត ដែលជាសមាជិកក្រុមការងារបច្ចេកទេស ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រូវសហការរួបរួមគ្នា ជួយផ្សព្វផ្សាយ ដើម្បីធ្វើអោយក្រុមការងារនេះ ដំណើរការប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ។
លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានអោយដឹងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ព្រោះវាបានផ្ដល់ឱកាសឱ្យភាគីពាក់ព័ន្ធ អាជ្ញាធរខេត្ត និងអង្គការដៃគូរអភិវឌ្ឍន៍នានា បានជួបពិភាក្សា ចែករំលែកបទពិសោធន៍ ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីសំរេចឱ្យបាននូវគោលដៅផែនការសកម្មភាពខេត្ត ស្ដីពីការ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងឈានទៅសំរេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិទៀតផង។
គួរបញ្ជាក់ផងដែរថា៖ បើតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តប៉ៃលិន គ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ឆ្នាំ ២០២២ សម្រាប់ក្រុងប៉ៃលិន៖ ទទួលបាន ៤១ភូមិ ដោយមានគ្រួសារសរុបចំនួន ៨៧៦៥ គ្រួសារ ហើយក្នុងនោះគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ចំនួន ៧១៨៨គ្រួសារស្មើនឹង ៨២% ។ ហើយសម្រាប់ស្រុកសាលាក្រៅ៖ ទទួលបាន ៤៩ភូមិ ដោយមានគ្រួសារសរុបចំនួន ៨៥៨៥ គ្រួសារ ហើយក្នុងនោះគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ចំនួន ៤៩១២គ្រួសារស្មើនឹង ៥៧.២%។ ដោយឡែកចំពោះ អត្រាប្រើប្រាស់បង្គន់អនាម័យកែលម្អផ្ទាល់ខ្លួន និងប្រើប្រាស់រួមសម្រាប់ឆ្នាំ ២០២២ មានអត្រាកើនឡើងសរុប ប្រមាណ ៨២% នៃប្រជានជនសរុបនៅទូទាំងខេត្តប៉ៃលិនយើងផងដែរ៕