ប៉ៃលិន៖ នៅទីស្នាក់ការគណបក្សខេត្ត ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់ក្រុមការងារគណបក្ស ក្នុងដំណាក់កាលនៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដល់ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត ។
លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានមានសប្រសាសន៍លើកឡើងថា៖ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើឱ្យប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានរីកដុះដាលឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ គឺយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ។
លោកជំទាវប្រធាន ក៍បានមានប្រសាសន៍ជំរុញដល់ក្រុមការងារទាំងអស់គ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក្ខដាក់ និងជំរុញអោយប្រជាពលរដ្ឋ ទទួលបានលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងចូលរួមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដោយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយត្រូវជួយសម្របសម្រួល និងជំរុញអោយប្រជាពលរដ្ឋ ដែលមិនទាន់មានឯកសារពាក់ព័ន្ធ ដែលបម្រើដល់ការបោះឆ្នោត ត្រូវធ្វើអោយបានរួចរាល់ ដោយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ មានឯកសារទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ជាពិសេសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺពលរដ្ឋគ្រប់អាយុចាប់ពី១៥ឆ្នាំឡើង ឬអត្តសញ្ញាណប័ណ្ណអស់សុពលភាពមុន ៩០ថ្ងៃ ឬតិចជាង ត្រូវប្រញ៉ាប់បំពេញបែបបទស្នើសុំជាថ្មីឡើងវិញ នៅតាមទីតាំង៖ ប៉ុស្តិ៍នគរបាលឃុំ/សង្កាត់, អធិការដ្ឋានក្រុង/ស្រុក, ច្រកចេញចូលតែ១ក្រុង/ស្រុក និងស្នងការនគរបាលខេត្ត ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតី សាមគ្គីភាព ឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបន្តរក្សាបាននូវប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខ ។
សូមបញ្ជាក់ថា៖ ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រីឯការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺមានរយៈពេល ៥០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ៕