ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ ជាឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញភ្ញៀវទេសចរនៅក្នុងខេត្ត និងអ្នកមកពីតាមបណ្តាខេត្តនានា បាននាំគ្នាធ្វើដំណើរទៅលេងកម្សាន្តនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលមានទីតាំងចម្ងាយពីក្រុងប៉ៃលិន ប្រមាណ៧ទៅ៨គីឡូម៉ែត្រ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។
ហើយអ្វីដែលរមណីយដ្ឋាននេះ មានការទាក់ទាញដោយសារតែមានទឹកធ្លាក់ច្រើនជាន់ មានព្រៃព្រឹក្សាបញ្ចេញពណ៌ខៀវខ្ចី ជាពិសេសដើមឈើធំៗបញ្ចេញម្លប់ត្រជាក់កាយ អមទៅដោយទឹកជ្រោះថ្លាយង់ នៅពេលចុះងូតលេង បំបាត់អស់នូវទុក្ខកង្វល់ នាំមកនូវផាសុខភាព និងអារម្មណ៍ស្រស់ថ្លាថែមទៀតផង។
បើតាមប្រភពព័ត៌មានពីអ្នកលក់សំបុត្រម្នាក់ មិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រោយពីអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំចាក់បេតុងក្រាលលើផ្លូវចូលទៅលេងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ប្រវែងជាង២គីឡូម៉ែត្រ ដែលកាន់តែបង្កភាពងា.យស្រួលក្នុងការបើកបរម៉ូតូ និងរថយន្តចេញចូលទៅមក ធ្វើឱ្យភ្ញៀវទេសចរទាំងនៅជិត និងនៅទីឆ្ងាយ ជាពិសេសប្រជាពលរដ្ឋដែលបានធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ រហូតដល់រាជធានីភ្នំពេញ បាននាំគ្នា រូតរះម្នីម្នាធ្វើដំណើរបន្តកន្ទុយគ្នា ចូលទៅលេងកម្សាន្តនៅរមណីយដ្ឋានខាងលើនេះតែម្តង។
ប្រភពដដែលបន្តទៀតថា ការលក់សំបុត្រម៉ូតូ១គ្រឿងតម្លៃ៣០០០រៀល ថ្លៃផ្ញើ១០០០រៀល ចំណែករថយន្តធុនតូច១គ្រឿងតម្លៃ១០០០០រៀល ថ្លៃផ្ញើ៣០០០រៀល រីឯរថយន្តទួរីស១គ្រឿង តម្លៃ១៥០០០រៀល។ ហើយចាប់តាំងពីព្រឹក រហូតដល់ពេលរសៀល គេឃើញម៉ូតូរាប់រយគ្រឿង និងរថយន្តភ្ញៀវនាំគ្នាធ្វើដំណើរទៅលេងរមណីយដ្ឋាននេះ តែមិនបង្កឱ្យមានការស្ទះផ្លូវនោះទេ ព្រោះមានក្រុមការងារធ្វើការរៀបចំសណ្តាប់ធ្នាប់ចាប់តាំងពីផ្លូវច្រកចូលរហូតដល់កន្លែងលេងកម្សាន្តតែម្តង។
ចំណែកភ្ញៀវទេសចរដែលចូលទៅលេងរមណីយដ្ឋានខាងលើនេះវិញ មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយអ្នកខ្លះធ្វើដំណើរចូលទៅលេងកម្សាន្តជាលក្ខណៈគ្រួសារ ដោយទិញម្ហូបអាហារយកទៅហូបតាមខ្យុស រហូតដល់ពេលល្ងាចបន្តិច ទើបនាំគ្នាចេញដំណើរត្រឡប់ទៅផ្ទះវិញ។
ទោះបីជាយ៉ាងណា គេមិនទាន់តួលេខនៃភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្តនៅតាម រមណីយដ្ឋាននៅឡើយទេ ទាល់តែថ្ងៃចុងបញ្ចប់ ទើបអាចទទួលរបាយការណ៍ពីខាងមន្ទីរទេសចរណ៍ខេត្តប៉ៃលិន៕