ប៉ៃលិន៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី១១ នៅវត្តរតនសោភ័ណ «ហៅកោងកាង» ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយើង ដ៏ធំមួយក្នុងចំណោមបុណ្យជាច្រើន ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយបុណ្យនេះ ចាប់ផ្តើមពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយនៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌឈានចូលមកដល់ម្ដងៗ គេសង្កេតឃើញប្រជាជនខ្មែរ និងជាអ្នកកាន់នូវព្រះពុទ្ធសាសនា តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានផ្សេងៗមានម្ហូប អាហារ នំចំណីជាដើម ទៅវេរប្រគេនដល់ព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បីឧទ្ទិសមគ្គផល និងគុណូប្បការៈគុណទៅដល់បុព្វការីជន អ្នកមានគុណ មាតាបិតា ជីដូនជីតា ដែលបានចែកឋានទៅកាន់បរលោក ម្យ៉ាងវិញទៀតក៍ជាពេលវេលាដ៏ប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋ បានយកចំណី និងគ្រឿងបរិក្ខាផ្សេងៗ ទៅផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសផងដែរ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបានជ័យជំនះគ្រប់កាលៈទេសៈ និងរាល់ការលំបាកនានា រួមទាំងជំងឺរាតត្បាតកូវីដ-១៩នៅក្នុងប្រទេសផងដែរ ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តរក្សាអនាម័យតាមវិធានសុវត្ថិភាព និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ចូលក្នុងសហគមន៍របស់យើង ៕
សូមបញ្ជាក់ថា៖ ក្នុងឱកាសដ៏ប្រសើរនោះ ថ្នាក់ដឹកនាំខេត្តប៉ៃលិន និងមន្ត្រីរាជការរួមដំណើរ បានធ្វើពិធីរាប់បាត្រ និងវេរនូវទេយ្យទាន និងគ្រឿងបរិក្ខាទាំងឡាយ ប្រគេនព្រះសង្ឃ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលទេយ្យវត្ថុ ប្រគេន ដល់វត្តរួមមាន៖ អង្ករ ៣ការ៉ុង (១៥០គីឡូក្រាម) មី ១០កេស, ត្រីខ ១០យួរ, ទឹកដោះគោ Soymilk ១ កេស, ទឹកដោះគោក្រហម ២កេស, ទឹកដោះគោឡេកតាស៊យ ២កេស, ទឹកដោះគោ Season ២កេស, ទឹកសុទ្ធណាវី ១០កេស, ទឹកត្រីមួយយួរ ២យួរ, ចង្ហាន់ ៣ ស្រាក់ និងបច្ច័យចំនួន ២លានរៀល ផងដែរ៕