នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តប៉ៃលិនប្រភេទហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣ និងគ្រប់ទំរងនៅឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហែម ឬទ្ធី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី វេជ្ជបណ្ឌិត បូ ខេងថាវរិន អនុប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាខេត្តក្រុង អភិបាលរងក្រុងស្រុក តំណាងអង្គការ យូ អ ស៊ី គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំខេត្តប៉ៃលិន និងមេឃុំចៅសង្កាត់ផងដែរ ។
លោកវេជ្ជបណ្ឌិត យក់ សុវណ្ណអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលសាលាខេត្តបានអោយដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានការប្តេជ្ញាចិត្តខ្ពស់ក្នុងចូលរួមយ៉ាងសកម្មលើសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់នៅប្រទេសកម្ពុជា។ ហើយ តាមការប្តេជ្ញាចិត្តដ៍ខ្ពង់ខ្ពស់ និងការផ្តល់អនុសាសន៍ដ៍មានតំលៃរបស់សម្តេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២៥ រួមជាមួយអង្គការដៃគូបានរៀបចំជាផែនការយុទ្ធសាស្រ្ត គោលការណ៍ណែនាំនិងឯកសារចាំបាច់នានា ព្រមទាំងការកៀងគរធនធានថវិកាសម្រាប់ សកម្មភាពលុបបំបាត់និងការឃ្លាំមើលការលេចឡើងជាថ្មីនៃជំងឺគ្រុនចាញ់ក្នុងសហគមន៍នៃប្រទេសកម្ពុជា។ លោកបានបន្តថា៖ សម្រាប់ខេត្តប៉ៃលិន ជំងឺគ្រុនចាញ់ធ្លាប់បង្កមហន្តរាយដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ បង្កអោយមានករណីឈឺរាប់ពាន់ករណី និងស្លាប់រាប់សិបករណីក្នុងមួយខែ ប៉ុន្តែមកដល់បច្ចុប្បន្នជំងឺនេះនៅសល់តែ៣ ឬ៤ករណីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយករណីភាគច្រើនជាករណីនាំចូល។ សមិទ្ធផលដ៍ត្រចះត្រចង់ទាំងនេះអាស្រ័យដោយការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូល ការផ្តល់បច្ចេកទេស ថវិកាពីក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងអង្គការដៃគូ ជាពិសេសនៅទីនេះមានអង្គការ URC ។
អ្នកស្រី សន សុផល តំណាងអង្គការ យូ អ ស៊ី គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា បានលើកឡើងថា៖ អង្គការ យូអស៊ី គម្រោងCMEP2 ដែលទទួលបានថវិកាពី USAID PMI រយៈពេល៥ឆ្នាំបន្តទៀត បានអនុវត្តន៍ពីខែកញ្ញា ឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២៦ ក្នុងគោលដៅដើម្បីលុបបំបាត់ជម្ងឺគ្រុនចាញ់ និងការកើតឡើងវិញនៃជម្ងឺ គ្រុនចាញ់នៅក្នុងខេត្ត។ ហើយគោលដៅរបស់គម្រោង ដែលជាការចូលរួម ចំណែកឆ្ពោះទៅរកការលុបបំបាត់គ្រុនចាញ់នៅទូទាំងប្រទេស និង នាំមុខក្នុងការខិតខំប្រឹងប្រែងធ្វើអោយដំណើរការកម្មវិធីគ្រុនចាញ់ មានភាពម្ចាស់ការ មាននិរន្តរភាព និង ផ្គត់ផ្គង់ហិរញ្ញទានដោយខ្លួនឯង។ អ្នកស្រីបន្តថា៖ គម្រោងបន្តការសហការណ៍ល្អគ្រប់ដៃគូរសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាមូលដ្ឋាន សហគមន៏ ជំនួយបច្ចេកទេស ថវិកា ដើម្បីរៀបចំចងក្រងឯកសារ ត្រៀមសម្រាប់ការវាយតម្លៃ មានការទទួលស្គាល់ជាខេត្តពុំមានគ្រុនចាញ់ តាមរយៈពង្រឹងសមត្ថភាពដៃគូសុខាភិបាលមានភាពជាម្ចាស់ក្នុងការអនុវត្តន៍គម្រោង ប្រពន្ឋ័របាយការណ៍អោយមានគុណភាព និង ភាពជឿជាក់នៅគ្រប់កន្លែង ស្តុក តេស្ត ឱសថគ្រុនចាញ់គ្រប់គ្រាន់ និងការរក្សាទុកដាក់រាល់ឯកសារការងារគ្រុនចាញ់ និងការគ្រប់គ្រងលើករណីឆ្លងចូលអោយមានប្រសិទ្ធភាពតាមរយៈការប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តរាល់ត្រីមាស ស្របតាមគោលដៅរាជរដ្ឋាភិបាលថ្នាក់ជាតិ លុបបំបាត់គ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣ និងគ្រប់ទំរងនៅឆ្នាំ២០២៥ ។
លោកស្រី វេជ្ជបណ្ឌិត បូ ខេងថាវរិន អនុប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្តបានមានប្រសាសន៍ថា៖ ជំងឺគ្រុនចាញ់នឹងត្រូវធ្វើការលុបបំបាត់ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងរួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់អោយអស់នៅក្នុងឆ្នាំ២០២៣ និងគ្រប់ទំរងនៅឆ្នាំ២០២៥។ លោកស្រី វេជ្ជបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា៖ យើងទាំងគ្នាត្រូវរួមសាមគ្គីសហការគ្នាប្រយុទ្ធនឹងជំងឺគ្រុនចាញ់កុំឆ្លងទៅប្រជាពលរដ្ឋយើង ជាពិសេសរួមគ្នាការបង្ការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់តាមរយៈការសហការល្អជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរខេត្ត មេឃុំចៅសង្កាត់ដោយធ្វើតេស្តឈាមអោយបានចំពោះអ្នកចូលព្រៃ ចំណាកស្រុក ចេញនិងចូលក្នុងខេត្ត។
លោក ហែម ឬទ្ធី អភិបាលរងខេត្តបានមានប្រសាសន៍ជំរុញដល់មន្ទីរសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេឃុំចៅសង្កាត់ត្រូវបន្តរួមសហការគ្នាជួយផ្សព្វផ្សាយអោយបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានអោយគាត់បានយល់ដឹងអំពីវិធីការការពារជំងឺគ្រុនចាញ់ និងរស់នៅស្អាតដោយសម្អាតបរិស្ថានជុំវិញផ្ទះអោយបានស្អាតល្អ ត្រូវប្រមូលដុតឬកប់កាកសំណល់ណាដែលអាចដក់ទឹកបានដែលជាជម្រករបស់សត្វមូសដើម្បីកំចាត់ជំងឺគ្រុនចាញ់ ។ ហើយសូមអោយអង្គការស៊ីម៉ែប(CMEP2)បន្តជួយគាំទ្រក្នុងការលុបបំបាត់ជំងឺក្រុនចាញ់នៅក្នុងខេត្តប៉ៃលិនអោយអស់តាមផែនការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។
លោកបានបន្តថា៖ មន្ទីរសុខាភិបាលត្រូវពង្រឹងបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកនិងមន្រ្តីបន្ថែមទៀតទាំងរូបវ័ន និងអរូបវ័ន គ្រប់គ្រង់អភិបាលកិច្ចល្អ និងសំភារៈបរិក្ខា និងត្រូវសង្កេតតាមដានប្រភពមុខសញ្ញាចម្លងជំងឺគ្រុនចាញ់ ដើម្បីឆ្លើយតបបានទាន់វេលា ហើយត្រូវពង្រឹកបណ្តាញអ្នកស្ម័គ្រចិត្តភូមិអោយបានគ្រប់ទីកន្លែងក្នុងការងាយស្រួលផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋមកធ្វើតេស្តឈាម។
នៅក្នុងឱកាសនោះផងដែរលោកអភិបាលរងខេត្តក៏បានជម្រុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអោយទៅចាក់អោយបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន ទី១ , ២,៣,៤ និងទី៥ និងជម្រុញផែនការចាក់វ៉ាក់សាំងអោយដល់តាមខ្នងផ្ទះ ហើយនឹងបន្តចូលអនុវត្តតាមក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ៣កុំ៣ការពារ និង២ចូលរួម។
សូមបញ្ជាក់ថា៖ នៅក្នុងខេត្តប៉ៃលិនចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២២ មានអ្នកកើតជំងឺគ្រុនចាញ់ចំនួន ៤ករណី ជាប្រភេទហ្វាល់ស៊ីប៉ារ៉ូម ៕