ទឹកដីស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្បូរទៅដោយរមណីដ្ឋានស្អាតៗ ពោរពេញដោយធម្មជាតិ ព្រៃភ្នំ ដើមឈើធំៗ វាលស្រែពណ៌បៃតងខៀវខ្ចី ខ្យល់អាកាសល្អបរិសុទ្ធ កំពុងបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្តម្ដងហើយម្ដងទៀតមិនចេះជិនណាយ ។
ថ្មីៗនេះ ស្រុកបន្ទាយស្រី ទើបតែបញ្ចេញរមណីដ្ឋានដ៏ស្រស់ស្អាតត្រជាក់ភ្នែកមួយកន្លែងទៀតឈ្មោះថា «ផ្ទះឫស្សីដៃបឹង» ក៏មានទេសភាពស្អាតគួរជាទីគយគន់មិនធម្មតាដែរ ដោយទីនេះមានតូបតូចៗសម្រាប់កន្លែងអង្គុយលេង ទទួលទានអាហារបែបខ្មែរឆ្ងាញ់ៗ តម្លៃសមរម្យ ជាមួយនឹងព្រៃប្រឹក្សា ខ្យល់បក់ត្រសៀកៗព័ទ្ធជុំវិញ ផ្ដល់អារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវទេសចរ ល្អបំផុតសម្រាប់ការនាំក្រុមគ្រួសារ មិត្តភក្ដិ ឬមនុស្សជាទីស្រឡាញ់ទៅសម្រាកលំហែកាយ ។
ចំពោះទីតាំងវិញ «ផ្ទះឫស្សីដៃបឹង» នៅមិនឆ្ងាយពីរមណីដ្ឋាន «បឹងឈូកបន្ទាយស្រី» ប៉ុន្មានឡើយ គឺនៅផ្លូវជាមួយគ្នាតែម្ដង ហើយនៅតាមផ្លូវចូលវិញ ក៏មានដាក់សញ្ញាព្រួញបង្ហាញផ្លូវផងដែរ ៕