ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាស្រុកសាលាក្រៅ បានរៀបចំធ្វើសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ក្រោមអធិបតី ឯកឧត្តម អ៊ី ហឿន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាល អភិបាលស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អង្គការដៃគូរអភិវឌ្ឍន៍ និងសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលរៀបចំដោយមន្ទីរផែនការខេត្តប៉ៃលិន។
លោក សំ សារ៉េត អភិបាលស្រុកបានមានមតិស្វាគមន៍ក្នុងឱកាសបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រុងប៉ៃលិននេះ គឺជាថ្ងៃមួយដ៏មានសារៈសំខាន់ យ៉ាងវិសេសវិសាលបំផុត ដើម្បីផ្សារភ្ជាប់ ផែនការវិស័យទៅនឹងផែនការមូលដ្ឋាន ក្នុងគោលបំណងជួបជុំគ្នា ជាមួយក្រុមប្រឹក្សា ឃុំទាំង៤ បណ្តាមន្ទីរវិស័យនានា បណ្តាអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ វិស័យឯកជន ដើម្បីពិនិត្យមើល នូវការអនុវត្តគម្រោងឆ្នាំចាស់ ឆ្នាំ២០២២ និងលើកទិសដៅការងារអភិវឌ្ឍឆ្នាំថ្មីឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ លោកបានបន្តថាក្នុងនោះគម្រោងដែលត្រូវលើកឡើងសម្រាប់ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកនិងឃុំ មានថ្នាក់ស្រុក មានចំនួន ៥៨ គម្រោង និងឃុំទាំង៤ មានចំនួន២៧៤ គម្រោង ដែលជាតម្រូវការអាទិភាព និងដើម្បីដាក់ជូនមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍនានាពិនិត្យមើល និងគាំទ្របន្ត ក្នុងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។
លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្តបានអោយដឹងថា៖ គោលបំណងនៃសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលស្រុក មានសារៈសំខាន់បំផុតគឺដើម្បីបំរើដល់បងប្អូនប្រជាពលរដ្ឋអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត ហើយគម្រោងដែលបានលើកឡើងគឺសុទ្ធសឹងតែគម្រោងអទិភាពដែលមានការចូលរួមពីប្រជាពលរដ្ឋ។ លោកបានបន្តថា៖ ការធ្វើកម្មវិនិយោគគឺឈរមូលដ្ឋានច្បាស់លាស់ផ្អែកទៅលើសុក្រិតភាព តម្លាភាព ត្រឹមត្រូវនៅទូទាំងឃុំដែលជាគម្រោង និងធនធានរបស់ដៃគូរអភិវឌ្ឍន៍សង្គមស៊ីវិល វិស័យឯកជន និងដៃគូរពាក់ព័ន្ធនានា។ ហើយជាលទ្ឋផលរំពឹងទុក រដ្ឋបាលខេត្ត ស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានាបានដឹង និងបានយល់អំពីទស្សនៈ គោលបំណង តម្រូវការគម្រោងអភិវឌ្ឍន៍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមក ដោយតម្លភាព ហើយនឹងអាចឈានទៅដល់មានការសម្របសម្រួលគ្នា ដើម្បីអោយការវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានា ប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាព។
លោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ជាការពិតណាស់គោលនយោបាយវិមជ្ឈការនៅថ្នាក់សង្កាត់ និងគោលការណ៍ អភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ បានឆ្លុះបញ្ចាំងឱ្យយើងឃើញនូវអ្វីៗដែលជាលទ្ធផល វិជ្ជមាន និងអវិជ្ជមាន ក្នុងការអភិវឌ្ឍតម្រោងដែលបានចុះកិច្ចព្រមព្រៀងសន្យាគាំទ្រ នៅតាមបណ្ដាឃុំ ក្នុងឆ្នាំ២០២២ កន្លងមក ហើយជ្រើសរើសយកគម្រោងជាអាទិភាព ដាក់បញ្ចូលក្នុងផែនការគាំទ្ររបស់ ខ្លួនសម្រាប់ ឆ្នាំ២០២៣.បន្តទៀត ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍ នៅថ្នាក់មូលដ្ឋាន សំដៅជួយកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។ លោកបានបន្តថា៖ សិក្ខាសាលាសមាហរណកម្មនាពេលនេះ ជាសូចនាករមួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការវិវត្តនៃកិច្ចដំណើរការកំណែ ទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយ:គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់អង្គការសង្គមស៊ីវិលដៃគូរងភិវឌ្ឍន៍ វិស័យឯកជន តាមមន្ទីរអង្គភាពទាំងអស់បន្តជួយគាំទ្រលើគម្រោងជាអាទិភាពរបស់រដ្ឋបាលស្រុក ឃុំសម្រាប់ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យដើម្បីអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា៖ សិក្ខាសាលានៅថ្នាក់ស្រុកគម្រោងសកម្មភាពជាអាទិភាពសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលស្រុកជាបណ្តោះអាសន្នរួមមាន៖ ឃុំសាលាក្រៅមានចំនួន១០០ គម្រោង គាំទ្រចំនួន ០៣គម្រោង ស្មើរនឹង៣%, ឃុំអូរអណ្តូងមានចំនួន៣១គម្រោង គាំទ្រចំនួន១ គម្រោង ស្មើរនឹង៣.២២% , ឃុំស្ទឹងកាច់មានចំនួន ៥៥ គម្រោង គាំទ្រចំនួន៤ គម្រោង ស្មើរនឹង ៧.២២% , ឃុំស្ទឹងត្រង់មានចំនួន ៨៨ គម្រោង គាំទ្រចំនួន ០៤ គម្រោង ស្មើរនឹង៤.៥៤% ៕