ពិតណាស់ ហានិភ័យនៃការវិវត្តទៅជាជំងឺលើសសម្ពាធឈាមកើនឡើងគួរឲ្យកត់សម្គាល់ទៅតាមវ័យ។ ការចាត់វិធានការជាក់លាក់មួយចំនួន ដើម្បីគ្រប់គ្រងកម្រិតសម្ពាធឈាមឲ្យមានប្រសិទ្ធភាព គឺជារឿងចាំបាច់មួយ។ ជាក់ស្ដែង គ្នាយើងភាគច្រើនក្នុងវ័យ៣០ឆ្នាំ អាចប្រឈមនឹងជំងឺលើសឈាម ហើយខណៈពេលដែលថ្នាំអាចជួយគ្រប់គ្រងបញ្ហានេះបាន របបអាហារ និងបែបបទរស់នៅក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជំងឺលើសឈាមដូចគ្នា។ ហេតុនេះហើយ ដើម្បីចៀសផុតពីជំងឺមួយប្រភេទនេះ យើងអាចអនុវត្តតាមវិធីសាស្ត្រទាំងនេះ។
១. របបអាហារសុខភាព
ជាទូទៅ អាហារសុខភាពដែលរួមបញ្ចូលបន្លែស្លឹកបៃតង អាចផ្ដល់វីតាមីនK ដែលអាចជួយការពារសរសៃឈាម លើកកម្ពស់កំណកឈាមត្រឹមត្រូវ ព្រមទាំងជាតិនីត្រាតក្នុងរបបអាហារ។ កត្តាទាំងនេះអាចកាត់បន្ថយសម្ពាធឈាម ភាពរឹងនៃសរសៃឈាម និងបង្កើនមុខងារកោសិកានៅជាប់សរសៃឈាម។ ចំពោះផ្លែឈើវិញ ផ្លែស្វាយ គឺជាប្រភពដ៏ល្អ និងជាតិសរសៃ ព្រមទាំងសារធាតុbeta-carotene ដែលអាចជួយដល់សម្ពាធឈាម ។ ចំណែកវីតាមីនC និងអាស៊ីដខ្លាញ់អូមេហ្គា៣នៅក្នុងផ្លែប្លូប៊ឺរីក៏អាចជួយឲ្យកម្រិតឈាមមានស្ថិរភាព។
២. ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណអាចជួយកាត់បន្ថយកម្រិតអ័រម៉ូនស្រ្តេសរបស់រាងកាយ។ វាក៏អាចជួយជំរុញការផលិតអ័រម៉ូនEndorphins ជាសារធាតុគីមីនៅក្នុងខួរក្បាលដែលអាចបំបាត់ការឈឺចាប់បែបធម្មជាតិ ក៏ដូចជាជួយឲ្យអារម្មណ៍របស់យើងបានប្រសើរឡើង។ បន្ថែមពីនេះ វាក៏អាចជួយកាត់បន្ថយសម្ពាធឈាម ដោយធ្វើឲ្យសម្ពាធឈាមSystolicថយចុះ។
៣. ការគ្រប់គ្រងស្ត្រេស
ការគ្រប់គ្រងស្រ្តេសនៅក្នុងជីវិតប្រចាំថ្ងៃគឺជារឿងដ៏សំខាន់មួយ ដើម្បីបញ្ចៀសហានិភ័យនៃជំងឺលើសសម្ពាធឈាមក្នុងវ័យ៣០ឆ្នាំ។ វិធីសាស្ត្រងាយៗដើម្បីគ្រប់គ្រងស្រ្តេស រួមមានការគេងឲ្យបានគ្រប់គ្រាន់ ដែលអាចជួយបង្កើនកម្រិតថាមពល និងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ។ មួយវិញទៀត ការស្ដាប់តន្ត្រីក៏មានប្រយោជន៍ជួយពន្យឺតជីពចរ និងចង្វាក់បេះដូងផងដែរ ដែលជាហេតុកាត់បន្ថយសម្ពាធឈាម និងកម្រិតអ័រម៉ូនស្រ្តេស៕