ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រើននាក់ផងដែរ ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ទី១/ ពិនិត្យ និងអនុម័តពាក្យសុំច្បាប់ និងអវត្តមាន នៃកិច្ចប្រជុំសាមញ្ញលើកទី៣៩ ក្រុមប្រឹក្សាខេត្ត ទី២/ ពិនិត្យ និងអនុម័តកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត ទី៣/ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត និងទី៤/ បញ្ហាផ្សេងៗ ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាល់បញ្ហាប្រឈម ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តទទួលយក និងខិតខំប្រឹងប្រែងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ព្រមទាំងបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចនេះក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋត្រូវមានឆន្ទៈមោះមុត និងភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់កំពុងប្រឈម និងសំណូមពរ ជាក់ស្តែងចំពោះ បញ្ហាជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា មានវិធានការច្បាស់លាស់ និងការពង្រាយវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលានៅទូទាំងប្រទេស ចាប់ពីកុមារ រហូតដល់មនុស្សចាស់ ដោយមិនគិតថ្លៃ មិនប្រកាន់ជាតិសាសន៍ និងនិន្នាការ ព្រមទាំងដាក់ចេញនូវវិធានការនានា ចំគោលដៅ ជាពិសេស ៣ការពារ ៣កុំ ហើយជាលទ្ធផល បច្ចុប្បន្នស្ថានភាពការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ មានភាពល្អប្រសើឡើងវិញ នេះគឺ ស បញ្ជាក់អោយឃើញពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់មន្ត្រីជំនាញ អាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ត្រូវខិតខំពង្រឹងសណ្ដាប់ធ្នាប់ សន្តិសុខសង្គមឱ្យបានល្អ ជូនប្រជាពលរដ្ឋ ហើយចំពោះទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន ត្រូវពង្រឹងអំពីវិធានការកូវីដ-១៩ ឱ្យបានម៉ត់ចត់បំផុត និងបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន នៅតាមទីវត្តអារ៉ាម និងតាមបណ្តាតំបន់ទេសចរណ៍នានា ក្នុងខេត្តផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ មកលេងកំសាន្តអោយបានកាន់តែច្រើនឡើង ៕
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់ ហើយបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចខ្លួន ដោយសារជម្ងឺកូវីដ-១៩ មានលក្ខណៈធូរស្រាល គឺត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នា បង្ការការពារ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺ កូវីដ-១៩ កុំអោយកើតមានក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់យើង ៕