សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន៖ នៅថ្ងៃ ពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២ ដោយមានការចង្អុលដឹកនាំពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់យុវជន និង វិជ្ជាសង្រ្គោះបឋម រយៈពេល ១ថ្ងៃពេញ ជូនដល់យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចំនួន ២៥នាក់(ស្រី ១៣នាក់) នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន។
លោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ផ្តាំផ្ញើសួរសុខទុក្ខដល់ក្មួយៗយុវជនទាំងអស់ ដែលបានចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ។ លោកជំទាវបានគូសបញ្ជាក់ពីគោលបំណងនៃការបើកវគ្គនេះគឺ ដើម្បីពង្រឹង និងពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យយុវជនកាកបាទក្រហមយើង បានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទក្រហមតួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបានមុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ-១៩ ។
វគ្គបណ្តុះបណ្តាលបានបញ្ចប់នៅវេលាម៉ោង ៤:៥៥ នាទីរសៀល ក្រោមអធិបតិភាព ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា មានប្រសាសន៍សូមសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ ។ ឯកឧត្តម នាយកសាខា បានមានមតិផ្តាំផ្ញើដល់ ក្មួយៗយុវជនទាំងអស់ត្រូវខិតខំរៀនសូត្រនៅសាលាដើម្បីជាទំពាងស្នងឬស្សី បណ្តុះគំនិតអោយចេះស្រលាញ់ការងារសង្គមដើម្បីក្លាយខ្លួនជាយុវជនគំរូ ត្រូវជៀសវាងអោយឆ្ងាយនូវទង្វើមិនគប្បីនានាដែលសង្គមស្ពប់ខ្ពើម និងអោយយកចំណេះវិជ្ជាដែលបានសិក្សាយកទៅចែករំលែងបន្តដល់សិស្សានុសិស្ស។ក្នុងឱកាសនេះ ឯកឧត្តម បានប្រគល់វិញ្ញាបនបត្របញ្ចាក់ការសិក្សា ជូនក្មួយៗយុវជនចំនួន ២៥ វិញ្ញាបនបត្រ ដែលសិក្សានៅថ្ងៃនេះ និងចំនួន ២៥ វិញ្ញាបនបត្រ សម្រាប់យុវជនដែលទទួលបានវគ្គបណ្តុះបណ្តាលកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ សរុបរួមចំនួន ៥០ វិញ្ញាបនបត្រ។ កម្មវិធីនេះបញ្ចប់ដោយស្មារតីសាមគ្គីភាពល្អប្រសើរ និងទទួលបានជោគជ័យ៕