ខេត្តព្រះសីហនុ៖ គិរីថ្មដាសិលាបារមីអាចចាត់ទុកជារមណីយដ្ឋានបែបព្រះពុទ្ធសាសនាដំបូងគេនៅលើទឹកដីខេត្តព្រះសីហនុ ។ រមណីយដ្ឋានដែលអ្នកទេសចរពុំបាច់បង់ប្រាក់ នេះធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រោយពីសាងសង់ជាច្រើនឆ្នាំកន្លងមក ។ រមណីយដ្ឋានគិរីថ្មដាសិលាបារមី ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ធ្វើដំណើរពីរង្វង់មូលរាម ចម្ងាយជិត៣គីឡូម៉ែត្រតាមបណ្ដោយផ្លូវទៅកោះសំពោច ឬកោះរាជ្យបុត្រ ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ឯកឧត្តមថន វីរៈ និងលោកជំទាវឈុន ម៉ៃលីន បានថ្លែងថា ដោយសារមើលឃើញទីតាំងនេះអំណោយផលបែបព្រះពុទ្ធសាសនា មានផ្ទាំងថ្ម ធំៗ ដើមឈើច្រើន និងស្ងប់ស្ងាត់ ហើយតែងតែឃើញព្រះសង្ឃនិមន្តទៅធ្វើធុតង្គជារៀងរាល់ឆ្នាំ និងដើម្បីលើកស្ទួយវិស័យពុទ្ធចក្រឱ្យកាន់តែរីកចម្រើនទើបសាងសង់រមណីយដ្ឋាននេះឡើង ។ ម្យ៉ាងដើម្បីជាការបង្ហាញអំពីការចូលរួមបរិច្ចាគប្រាក់ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។
ម្យ៉ាងទៀតដើម្បីរួមការពារសម្បត្តិធម្មជាតិបែបព្រះពុទ្ធសាសនាឱ្យបានគង់វង្ស ដូចជាទុកប្រគេនដល់ព្រះសង្ឃនិមន្តមកធ្វើធុតង្គ និងយាយជីតាជី រួមទាំងពុទ្ធបរិស័ទ ធ្វើសមាធិ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ជាពិសេសក្មេងជំនាន់ក្រោយបានដឹងអំពីតម្លៃនៃព្រះពុទ្ធសាសនា ។ លោកសម្រេចចិត្តរៀបចំបង្កើតរមណីយដ្ឋាននេះឡើងដោយចំណាយប្រាក់ជាង៥លានដុល្លារ ដោយប្រើរយៈពេលនៃការកសាងរមណីយដ្ឋាន ប្រើពេល១២ឆ្នាំ ចាប់ឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ហើយកសាងរួចរាល់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ។ អ្វីដែលជាលក្ខណៈពិសេសនៅក្នុងរមណីយដ្ឋាននេះគឺមានការរៀបចំបណ្ណាល័យសម្រាប់ស្រាវជ្រាវអំពីប្រវត្តិសាស្ត្របែបព្រះពុទ្ធសាសនាដោយមានតម្កល់គម្ពីរព្រះត្រៃបិដកផងដែរ ។
ឯកឧត្តមថន វរៈ បានសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅកម្សាន្តឲ្យជួយថែរក្សាអនាម័យឱ្យបានល្អ និងគង់វង្ស សម្រាប់ក្មេងជំនាន់ក្រោយទៀត បានស្គាល់អំពីវិស័យព្រះពុទ្ធសាសនា រួមទាំងវប្បធម៌និងអរិយធម៌របស់ជាតិខ្មែរយើង ៕