ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា ផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមានសក្តានុពល បែរជាពុំអាចផ្គត់ផ្គង់ ក្នុងស្រុកបានគ្រប់គ្រាន់ តម្រូវឲ្យនាំចូលពីបរទេសបន្ថែម។
នាឱកាសអនុញ្ញាតឲ្យលោក Andrew Campbell នាយកប្រតិបត្តិ នៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោក វេង សាខុន បានថ្លែងថា «កម្ពុជា មានផលិតផលកសិកម្ម ដែលមានសក្កានុពលជាច្រើន ដែលផលិតកម្មកសិកម្មមួយចំនួន បានផលិតច្រើនលើសតម្រូវការ ហើយបាននាំចេញ ទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសប្រទេសជិតខាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលិតផលកសិកម្មមួយចំនួនទៀត ដែលមានសក្តានុពល បែជាពុំអាចផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ ដែលតម្រូវឲ្យនាំចូលពីបរទេសបន្ថែម»។ លោកបន្ថែមទៀតថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេស ដែលអសន្តិសុខស្បៀង សម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេស ដែលសល់អតិរេកស្បៀង ជាង ៦.២លានតោន និងកំពុងជំរុញការ កែច្នៃវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ ។ លោកថា ទោះជាយ៉ាងនេះក្តី ប៉ុន្តែមានកង្វះខាតនៃផលិតផលមួយចំនួន ជាពិសេសបន្លែ និងជ្រូកសាច់ ត្រីនៅតែមានតម្រូវការ នាំចូលក្នុងកម្រិតតិចតួច ។
ដើម្បីដោះស្រាយតម្រូវការ និងការនាំចេញផលិតផល ស្របតាមលក្ខខណ្ឌតម្រូវទីផ្សារ ក្រៅប្រទេសនោះ លោករដ្ឋមន្ដ្រី បានស្នើសុំកិច្ចសហការ ជាមួយភាគីអូស្ត្រាលីលើ ចំនុចមួយចំនួន ដូចជា៖ ទី១-ស្នើពង្រឹងការស្រាវជ្រាវ អភិវឌ្ឍន៍គ្រាប់ពូជល្អៗ មានតម្រូវការខ្ពស់ ហើយដែលអាចធន នឹងការបម្រែបម្រួល អាកាសធាតុ និងពង្រឹង និងកសាងធនធានមនុស្ស បន្តទៀត ,ទី២-គាំទ្រឲ្យមានកិច្ចសហការ លើការវិនិយោគពីវិស័យឯកជន ឲ្យបានកាន់តែច្រើន លើខ្សែច្រវ៉ាក់ ផលិតកម្មកសិកម្មជាពិសេសលើកែឆ្នៃផលិតផលកសិកម្ម ,ទី៣- គាំទ្រគម្រោងអភិវឌ្ឍន៍ លើចង្វាក់តម្លៃលើវិស័យកសិកម្ម។
ជាការឆ្លើយតប ភាគីអូស្ត្រាលីបានឯកភាព និងពិនិត្យមើលលទ្ធភាព នៃការគាំទ្រលើកិច្ចសហការទាំងនេះ៕