លោក សាយ សុផាត បានបញ្ជាក់នៅចំពោះមុខកសិករដាំដំណាំតាង៉ែន ហៅថា( មៀនប៉ៃលិន)និងស្វាយកែវរមៀតនៅខេត្តប៉ៃលិនថា កសិករត្រូវតែអនុវត្តកសិកម្មល្អ(កម្ពុជា) Cam-GAP តាមលក្ខខណ្ឌតម្រូវ ដើម្បីនាំផ្លែតាង៉ែន និងស្វាយកែវរមៀត ទៅកាន់ទីផ្សារក្រៅប្រទេស ខណៈទីផ្សារប្រទេសចិន កំពុងមានតម្រូវការខ្ពស់ ក្នុងការទទួលយកកសិផល របស់កម្ពុជាយើង។
ការថ្លែងបែបនេះរបស់លោកប្រធានមន្ទីរកសិកម្មខេត្តក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-GAP) ដល់កសិករជាម្ចាស់ចំការមៀនប៉ៃលិន និងស្វាយក្នុងខេត្តប៉ៃលិន នៅមន្ទីរកសិកម្មខេត្តនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សាយ សុផាត បានណែនាំឱ្យប្រជាកសិករនៅខេត្តប៉ៃលិនទាំងអស់ នាំគ្នាដាំដុះប្រភេទដំណាំកសិឧស្សាហកម្មឱ្យបានច្រើនហើយអនុវត្តការដាំដុះ ការប្រើប្រាស់ជី និងការថែទាំតាមស្ពង់ដាកសិកម្ម ព្រោះដំណាំប្រភេទនេះរួមមាន( ផ្លែមៀនប៉ៃលិន-ផ្លែស្វាយ) មានតម្រូវការខ្ពស់នៅទីផ្សារប្រទេសចិន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដុតដៃដុតជើង ចរចានាំយកកសិផលទាំងនោះចូលទីផ្សារប្រទេសចិនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះ ក្នុងនាមជាប្រជាកសិករក្នុងស្រុក ត្រូវអនុវត្តយន្តការ ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយមានការជំរុញឱ្យមានទីតាំងសហគមន៍ និងឃ្លាំងកន្លែងប្រមូលផ្ដុំ ផ្លែមៀន ឬផ្លែតាង៉ែន ក៏ដូចជាស្វាយកែវរមៀត ពិសេស ការគ្រប់គ្រងទិន្នន័យ ផ្ទៃដីដាំដុះ ដំណាំទាំង២នេះ ឱ្យបានត្រឹមត្រូវ និងមានភាពច្បាស់លាស់ ។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ផងដែរថា៖ ម្ចាស់ចម្ការទាំងអស់ ត្រូវតែទទួលការបណ្តុះបណ្តាល លើការអនុវត្តកសិកម្មល្អកម្ពុជា ហៅកាត់ថា Cam-GAP ក្នុងការចុះបញ្ជីចម្ការ ដើម្បីគ្រប់គ្រងបាននូវទិន្នន័យនៃមុខដំណាំនីមួយៗ និងការជំរុញដល់ម្ចាស់ចម្ការ ដែលទទួលបានវគ្គបណ្ដុះបណ្ដាល Cam-GAP នេះរួចរាល់និងច្បាស់លាស់ ត្រូវបានចុះបញ្ជី និងការរៀបចំឯកសារចម្ការរបស់ពួកគាត់ ដើម្បីឱ្យមន្ត្រីជំនាញបច្ចេកទេសចុះវាយតម្លៃតាមលក្ខខណ្ឌតម្រូវ និងទទួលបានវិញ្ញាបនប័ត្រអនុវត្តកសិកម្មល្អដើម្បីភាពងាយស្រួលដល់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
បើតាមលោក លន់ វណ្ណី អនុប្រធានការិយាល័យលើកកម្ពស់គុណភាពនិងសុវត្ថិភាពផលិតផលកសិកម្មនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យបានធ្វើបទបង្ហាញស្តីពី ការអនុវត្តន៍កសិកម្មល្អកម្ពុជា (Gam-GAP) និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រកសិកម្មកម្ពុជា ហើយក៏បានណែនាំបន្ថែម ដល់កសិករទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកសិកម្មល្អកម្ពុជា តាមលក្ខខណ្ឌតម្រូវ ដើម្បីនាំផ្លែតាង៉ែន និងស្វាយកែវរមៀតទៅកាន់ទីផ្សារប្រទេសចិន ដែលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីជួយស្វែងរកទីផ្សារកសិផលជូនប្រជាកសិករដែលកំពុងដាំដុះ ដែលកន្លងមក ជួបនូវបញ្ហាកង្វះទីផ្សារនាំចេញ…៕
គួរបញ្ជាក់ផងដែរថា៖ បើតាមរបាយការណ៍របស់ក្រសួងកសិកម្មនិងនេសាទ បានឲ្យដឹងផងដែរថាចំពោះដំណាំ ការដាំមៀនប៉ៃលិនកំពុងកើនឡើងខ្ពស់ដោយមានផ្ទៃដីដាំជាង ១៣,៦០៨ ហិកតានៅទូទាំងប្រទេសហើយភាគច្រើនដាំ នៅ ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្ត បន្ទាយមានជ័យ ក្នុងនោះផ្ទៃដីប្រមូលផលមាន ៨ពាន់ ហិកតា ដោយ ១ហិកតា ទទួលបានផលពី១៥ ទៅ ២០តោន។ ក្នុង ១ឆ្នាំៗ ទិន្នផលមៀនប៉ៃលិនប្រមូលផលបានជាង ១០ ម៉ឺនតោនផងដែរ៕